ឥណ្ឌាៈ យន្តហោះដឹកអ្នកដំណើរមួយគ្រឿង មានអ្នកជិះនៅលើវាចំនួន ១២២ នាក់ ដែលធ្វើដំណើរទៅកាន់ទីក្រុងញូវដេលី នៅថ្ងៃចន្ទនេះ បានផ្លាស់ប្តូរទិសដៅនៅពេលធ្វើដំណើរ បានពាក់កណ្តាលផ្លូវ បន្ទាប់ពីរងការគំរាមកំហែងមួយ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧។
ជើងហោះហើរយន្តហោះក្រុមហ៊ុន Jet Airways ដែលធ្វើដំណើរចេញទីក្រុងបុមបៃ ទៅរដ្ឋធានីញូវដែលី ត្រូវបានបង្វែរគោលដៅឆ្ពោះទៅកាន់ទីក្រុងអាម៉ាដាប់បាដ វិញទាំងព្រឹក បន្ទាប់ពីមានការគំរាមកំហែងផ្នែកសន្តិសុខនៅលើយន្តហោះ។
តាមរបាយការណ៍ជាច្រើន បានឲ្យដឹងថា ក្រុមអ្នកបម្រើនៅលើយន្តហោះ បានរកឃើញឯកសារមួយ ដែលបញ្ជាក់ថា យន្ដហោះនេះ ត្រូវបានគេប្លន់ ហើយក៏មិនធ្វើការចុះចតនៅក្រុងញូវដែលីតាមការកំណត់នោះទេ ជាហេតុនាំឲ្យពួកគេប្រាប់ទៅកាន់អ្នកបើកយន្តហោះឲ្យបានដឹង។
សូមជំរាបថា យន្ដហោះនេះ ដឹកអ្នកដំណើរ ១១៥ នាក់ និងសមាជិកនាវិកចំនួន ៧ នាក់ បានចុះចតប្រកបដោយសុវត្ថិភាព នៅទីក្រុងអាម៉ាដាបាដ៕
មតិយោបល់