មានការកត់សម្គាល់យ៉ាងខ្លាំងថាមួយខែតុលា ក្នុងឆ្នាំ២០១៧នេះ គឺជាខែដែលមានរឿងរ៉ាវដ៏ខ្មៅងងឹតរបស់តារាសិល្បៈ ដោយសារតែក្នុងមួយខែនេះ គឺតារាសិល្បៈមានរឿងអាក្រក់ៗរាប់មិនអស់ ហើយក៏មានតារាវ័យក្មេង៣រូបត្រូវបានស្លាប់យ៉ាងអណោចអធ័ម។
មរណភាពរបស់តារាប្រុសស្រីទាំង៣សុទ្ធតែធ្វើឲ្យមានការភ្ញាក់ផ្អើលក្នុងចង្កោមមហាជន និងស្រទាប់អ្នកសិល្បៈ។
លោក ឈុំ រតនា អតីតតារាចម្រៀងរ៉ុក ដែលត្រូវគេស្គាល់ជាម្ចាស់បទ «កាលីបអី» ត្រូវបានស្លាប់ទាំងវ័យក្មេងកាលពីថ្ងៃទី៩ តុលា ដោយសារជំងឺសួត និងទឹកនោមផ្អែមដល់ដំណាក់ចុងក្រោយ។ មរណភាពរបស់លោកបានធ្វើឲ្យអ្នកធ្លាប់រួមការងារមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែលោកបាត់មុខការច្រៀងរាំតាមក្លឹបតែមួយរយៈខ្លីក្រោយពីផលិតកម្មរ៉ុកដែលលោកជ្រកកោនត្រូវបិទទ្វារប៉ុណ្ណោះ ស្រាប់តែមានដំណឹងស្លាប់កើតឡើងតែម្ដង។ លោកគឺជាអតីតអ្នករួមការងារជាមួយតារាចម្រៀងឱក សុគន្ធកញ្ញា និងលោកខាន់ ជេម ជាដើម។
យ៉ាងណាមិញ គេមិនសូវឃើញតារាសិល្បៈច្រើនទេ បង្ហាញវត្តមានក្នុងពិធីធ្វើបុណ្យសពរបស់លោក ដោយមានតែតារាចម្រៀងដែលច្រៀងក្នុងផលិតកម្មរ៉ុកមួយចំនួនចូលរួម និងបានបរិច្ចាគថវិការជួយ។
សាន ស្រីឡៃ គឺជាសិល្បៈការិនីវ័យ២៦ឆ្នាំ ដែលមរណភាពនាងត្រូវបានមហាជនភាគច្រើនផ្ដោតការចាប់អារម្មណ៍ឡើងរញ្ជួយស្រទាប់មហាជនតែម្ដង ដោយសារតែនាងត្រូវបានអតីតស្វាមីបាញ់សម្លាប់កាលពីថ្ងៃទី១៦ តុលា យ៉ាងអណោចអធមនៅកណ្ដាលទីក្រុង ក្រោមហេតុផលថាដោយសារតែរឿងប្រច័ណ្ឌ។ នាងគឺជាអតីតបេក្ខនារី The Voice Cambodia រដូវកាលទី២ និងជាកូនក្រុមរបស់អ្នកនាងពេជ្រ សោភា ទើបគេឃើញតារាចម្រៀងពេជ្រ សោភា ខ្នះខ្នែងរកជំនួយមកធ្វើបុណ្យឲ្យនាង ដោយបានទាំងជួយឲ្យកូនទាំង២របស់ស្រីឡៃ មានសាលារៀនអាហារូបករណ៍រហូតដល់ថ្នាក់១២ផង។ មកទល់ម៉ោងនេះមរណភាពរបស់សាន ស្រីឡៃ នៅតែជាគំរូដ៏អាក្រក់មួយនៅក្នុងពិភពសិល្បៈដែលធ្វើអោយម្នាក់ៗនៅដក់ជាប់ក្នុងអារម្មណ៍។
កែវ សុរិយា អតីតតារាសម្ដែងរូបនេះក៏ធ្វើឲ្យមានការចាប់អារម្មណ៍មិនតិចដែរ បន្ទាប់ពីនាងស្រាប់តែបានសម្រេចចិត្តចងកសម្លាប់ខ្លួន កាលពីថ្ងៃទី២២ តុលា នៅក្នុងផ្ទះជួលនៅបុរីប៉េងហួតបឹងស្នោរ។ យ៉ាងណាមិញ មរណភាពរបស់មិនត្រូវបានគេឃើញមានការចាប់អារម្មណ៍ទៅចូលបុណ្យពីសំណាក់តារាសិល្បៈនោះទេ ដោយសារតែនាងដកខ្លួនពីសិល្បៈយូរពេក ហើយទើបនឹងមានដំណឹងជាថ្មីក្នុងថ្ងៃសម្លាប់ ដោយសារតែរងសម្ពាធរឿងស្វាមីធ្វើបាប៕
មតិយោបល់