ឥណ្ឌាៈ ក្រុមមន្ត្រីប៉ូលិសបាននិយាយថា ករណីផ្ទុះរោងចក្រថាមពលអគ្គិសនីមួយ នៅភាគខាងជើងប្រទេស បានសម្លាប់កម្មករយ៉ាងហោចណាស់ ១៦ នាក់ និងជាច្រើននាក់ផ្សេងទៀតបានរងរបួស ដោយការរលាកធ្ងន់ធ្ងរ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២ ខែវិច្ឆកា ឆ្នាំ២០១៧។
មន្ត្រីរដ្ឋបាលជាន់ខ្ពស់ក្នុងតំបន់ លោក Sanjay Khatri បាននិយាយថា បំពង់ដឹកផេះពីអណ្តូងធ្យូងថ្ម បានផ្ទុះនៅក្នុងឡដុតទើបដំឡើងថ្មីនៅរោងចក្រថាមពល ក្នុងស្រុក Raebareli ភាគខាងជើងរដ្ឋ Uttar Pradesh ដែលការផ្ទុះនេះ បានជះផេះក្តៅមកលើកម្មករនៅក្នុងរោងចក្រនេះ។
តាមរយៈរូបភាព បានបង្ហាញឲ្យឃើញពីផ្សែងខ្មួលខ្មាញ់ក្រាស់ ហុយឡើងទៅលើមេឃ មុនពេលដែលរថយន្ដសង្គ្រោះ បានទៅដល់កន្លែងកើតហេតុ។
ពាក់ព័ន្ធនឹងហហេតុការណ៍នេះ លេខាធិការនាយករដ្ឋមន្រ្តី លោក Arvind Kumar បាននិយាយថា មនុស្ស ១០០ នាក់ បានរងរបួសផងដែរ៕



មតិយោបល់