ព័ត៌មានអន្តរជាតិ

នាវាចម្បាំងផ្ទុកយន្តហោះអាមេរិកចំនួន ៣ គ្រឿង នឹងធ្វើសមយុទ្ធដែនទឹករួមគ្នា នៅជិតឧបទ្វីបកូរ៉េ

កូរ៉េៈ​ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ថា នាវាចម្បាំងផ្ទុកយន្ដហោះរបស់អាមេរិកចំនួន ៣ គ្រឿង គ្រោងនឹងធ្វើសមយុទ្ធរួមគ្នាជាច្រើន នៅក្នុងដែនទឹកសមុទ្រ ក្បែរឧបទ្វីបកូរ៉េ នៅចុងសប្តាហ៍នេះ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិន ចេញផ្សាយនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧។

ប្រភពដដែល បានបញ្ជាក់ថា នាវាចម្បាំងផ្ទុកយន្តហោះអាមេរិក នឹងធ្វើសមយុទ្ធរួមគ្នានៅដែនទឹកអន្តរជាតិ ក្បែរឧបទ្វីបកូរ៉េ ដោយក្រុមកងកម្លាំងវាយប្រហារដែនអាកាសអាមេរិក គ្រោងនឹងធ្វើសមយុទ្ធរួមគ្នា ជាមួយកងទ័ពជើងទឹកកូរ៉េខាងត្បូង នៅដែនសមុទ្រភាគខាងកើត នៃប្រទេសកូរ៉េខាងត្បូងផងដែរ។

សូមជំរាបថា កង​ពល​លេខ​ 7th​ របស់អាមេរិក បាននិយាយថា នាវា USS Ronald Reagan, USS Nimitz និង USS Theodore Roosevelt នឹងចាប់ផ្តើមធ្វើសមយុទ្ធនៅភាគខាងលិចតំបន់ប៉ាស៊ីហ្វិក ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខ៕

មតិយោបល់