ព័ត៌មានអន្តរជាតិ

កាន់តែក្ដៅ! ចិន ចាត់វិធានការសងសឹក ជាមួយការដាក់ពន្ធបន្ថែមលើការនាំចូលអាមេរិក គិតជាទឹកប្រាក់ ៦០ ពាន់លានដុល្លារ

ចិនៈ សង្រ្គាមពាណិជ្ជកម្មរវាងអាមេរិក និងចិន កាន់តែកើនកម្ដៅខ្លាំងទ្បើង ខណៈរដ្ឋាភិបាលក្រុងប៉េងកាំង បានប្រកាសអំពីការបង្កើនពន្ធថ្មី ដើម្បីសងសឹកលើការនាំចូលទំនិញរបស់អាមេរិក ដែលមានទំហំទឹកប្រាក់ចំនួន ៦០ ពាន់លានដុល្លារ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា​ ឆ្នាំ២០១៨។

វិធានការនេះ បានកើតទ្បើងនៅប៉ុន្មានថ្ងៃ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងដាក់ពន្ធចំនួន ១០ ភាគរយលើផលិតផលចិន ដែលមានទំហំទឹកប្រាក់ប្រមាណ ២០០ ពាន់លានដុល្លារ។

ពាក់ព័ន្ធនឹងបញ្ហានេះ ក្រសួងហិរញ្ញវត្ថុក្រុងប៉េកាំង បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារថា៖ «ប្រទេសចិន ត្រូវបានបង្ខំចិត្តឲ្យធ្វើការឆ្លើយតប ទៅនឹងវិធានការឯកតោភាគីនិយម និងពាណិជ្ជកម្មគាំពារនិយមរបស់អាមេរិក ដោយគ្មានជម្រើសអ្វីផ្សេង ក្រៅពីការឆ្លើយតប ចំពោះការដាក់ពន្ធបន្ថែមលើការនាំចូលទំនិញអាមេរិកវិញប៉ុណ្ណោះ»។

ដោយការដាក់ពន្ធនោះ អាចស្ថិតក្នុងចន្លោះពី ៥% ទៅ ១០% គឺមានប្រសិទ្ធភាពលើផលិតផលអាមេរិកចំនួន ៥,២០០ មុខ កាលពីថ្ងៃច័ន្ទ ក្នុងថ្ងៃជាមួយគ្នាដែលអាមេរិកបានចាត់វិធានការដាក់ពន្ធលើប្រទេសខ្លួន។

ក្នុងនោះចិនក៏បានប្រកាសផងដែរថា ខ្លួនកំពុងតែដាក់ពាក្យបណ្តឹងថ្មីមួយ នៅអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីប្រយុទ្ធប្រឆាំងនឹងពន្ធគយរបស់ខ្លួន ជាមួយសហរដ្ឋអាមេរិក៕

មតិយោបល់