ព័ត៌មានអន្តរជាតិ

ករណីគ្រោះរញ្ជួយដីដ៏ខ្លាំងក្លា វាយប្រហារនៅព្រំដែនរវាងអ៊ីរ៉ង់ និង អ៊ីរ៉ាក់ សម្លាប់មនុស្ស ៦៧ នាក់ និងរបួស ៣០០នាក់

បរទេសៈ តាមអាជ្ញាធរប្រទេសអ៊ីរ៉ង់ និងអ៊ីរ៉ាក់ បាននិយាយថា គ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយ បានវាយប្រហារនៅតំបន់ព្រំដែន នៃប្រទេសទាំងពីរ កាលពីថ្ងៃអាទិត្យ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦៧នាក់។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧។

ប្រភពពីទូរទស្សន៍រដ្ឋ បានរាយការណ៍ថា មនុស្សប្រហែល ៣០០ នាក់បានរងរបួស បន្ទាប់ពីមានគ្រោះរញ្ជួយដីនៅក្នុងខេត្ត Kermanshah របស់អ៊ីរ៉ង់ ស្ថិតនៅជិតព្រំដែនប្រទេសអ៊ីរ៉ាក់ ។

ពាក់ព័ន្ធនឹងករណីនេះដែរ មន្រ្តីភ្នាក់ងារគ្រាអាសន្ន បានឲ្យដឹងថា ជនរងគ្រោះភាគច្រើន គឺស្ថិតនៅទីប្រជុំជន Sarpol-e Zahab ចម្ងាយប្រហែល ១៥ គីឡូម៉ែត្រពីតំបន់ព្រំដែន។

យោងតាមទីតាំងអង្កេតការភូមិសាស្ត្ររបស់អាមេរិក បាននិយាយថា រញ្ជួយដីនេះ មានកម្រិត ៧,៣ រ៉ិចទ័រ បានវាយប្រហារនៅចំណុចកណ្ដាល ចម្ងាយ ៣០ គីឡូម៉ែត្រពីភាគនិរតីនៃទីក្រុង Halabja របស់ប្រទេសអ៊ីរ៉ាក់ ជិតនិងព្រំដែនភាគឥសាន្តជាមួយអ៊ីរ៉ង់៕

មតិយោបល់