ជប៉ុន: ក្រសួងការបរទេសហ្វីលីពីន បាននិយាយនៅថ្ងៃអង្គារ៍នេះថា រដ្ឋមន្រ្តីការបរទេសជប៉ុនលោក Fumio Kishida នឹងចាប់ផ្តើមធ្វើដំណើរទៅកាន់ប្រទេសហ្វីលីពីន ក្នុងគោលំណងដើម្បីជួបលោកប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte នៅទីក្រុង Davao នៅថ្ងៃព្រហស្បតិ៍ខានស្អែក គ្រាដែលអតីតប្រធានាធិបតីចាស់លោក Ramos បានធ្វើដំណើរទៅដល់ចិន ដើម្បីស្តារចំណងមិត្តភាពឡើងវិញ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅយប់ថ្ងៃទី៩ សីហា ឆ្នាំ២០១៦។
រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុនបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Kishida នឹងធ្វើដំណើរទស្សនកិច្ចជាផ្លូវការ ទៅកាន់ប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២។ សេចក្តីថ្លែងការណ៍នេះ មិនបាននិយាយអំពីបញ្ហា ដែលលោក Duterte និងលោក Kishida នឹងពិភាក្សាក្នុងអំឡុងកិច្ចប្រជុំរបស់ពួកគេនោះទេ ប៉ុន្តែគ្រាន់តែគេអាចសន្និដ្ឋានបានថា ក្រោយពីរដ្ឋាភិបាលជប៉ុននិងរដ្ឋាភិបាលចិន មានភាពតានតឹងនៅក្នុងជម្លោះដែនទឹកសមុទ្រចិនខាងកើត ស្របពេលដែលរដ្ឋាភិបាលហ្វីលីពីននិងរដ្ឋាភិបាលចិន កំពុងតែមានជម្លោះរឿងសមុទ្រចិនខាងត្បូង ដែលសាលាក្តីអាជ្ញាកណ្តាលដែលមានមូលដ្ឋាននៅទីក្រុងឡាអេ បានកាត់ក្តីឲ្យហ្វីលីពីនឈ្នះចិន។
សេចក្តីថ្លែងការណ៍ដដែលនេះ បានបន្តឲ្យដឹងថា «លោក Kishida នឹងធ្វើដំណើរទស្សនកិច្ចជាលើកដំបូងរបស់គាត់ បន្ទាប់ពីការតែងតាំងសាជាថ្មី ជារដ្ឋមន្រ្តីការបរទេសប្រទេសជប៉ុន បន្ទាប់ពីការរុះរើគណៈរដ្ឋមន្ត្រីនៅថ្ងៃទី០៣ ប្រទេសហ្វីលីពីន គឺជាប្រទេសដែលលោកបានមកធ្វើទស្សនកិច្ចលើកដំបូងរបស់ខ្លួន បន្ទាប់ពីការតែងតាំងរដ្ឋមន្រ្តីក្រសួងការបរទេសប្រទេសជប៉ុន ក្នុងឆ្នាំ២០១២»។
នៅឆ្នាំ២០១៥ ជប៉ុននិងហ្វីលីពីន បានចុះហត្ថលេខាលើសេចក្តីប្រកាសរួម ដែលជាដៃគូយុទ្ធសាស្ដ្រសម្រាប់ជំរុញការពង្រឹងគោលការណ៍ ដែលបានចែករំលែកនិងគោលដៅសន្តិភាព, សន្តិសុខនិងកំណើនក្នុងតំបន់និងក្រៅតំបន់។
កាលពីខែមុន រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក John Kerry បានចូលសំដែងការគួរសមជាមួយលោក Duterte នៅឯវិមានប្រធានាធិបតី Malacanang ក្នុងទីក្រុងម៉ានីលផងដែរ៕
មតិយោបល់