ព័ត៌មានអន្តរជាតិ

ជើងហោះហើរយន្តហោះជាង ៦០០ នៅប៉ាគីស្ថាន កំពុងរងការរំខាន ដោយផ្សែងអ័ព្ទ

ប៉ាគីស្ថានៈ អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍មួយ បាននិយាយថា លក្ខខណ្ឌអាកាសធាតុមិនល្អ ជាហេតុនាំឲ្យមានផ្សែងអ័ព្ទ និងបង្កការរំខានដល់ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិប៉ាគីស្ថានចំនួន ៦០៤ ជើង នៅក្នុងរយៈពេល ២សបា្ដហ៍ដំបូងនៃខែវិច្ឆិកាកន្លងមក។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

សារព័ត៌មាន Express News បានស្រង់សម្តីអ្នកនាំពាក្យរបស់ក្រុមហ៊ុនអាកាសចរណ៍ម្នាក់ កាលពីថ្ងៃពុធបានឲ្យដឹងថា ភាពអាប់អួដែលបានគ្របដណ្ដប់ នៅក្នុងខេត្ត Punjab ភាគខាងកើតប្រទេស នៅក្នុងខែវិច្ឆិកានេះ បានធ្វើឲ្យក្រុមហ៊ុនអាកាសចរណ៍ ត្រូវពន្យារពេល ឬលុបចោលជើងហោះហើររបស់ពួកគេ។

អ្នកនាំពាក្យរូបនោះ បានបន្ថែមថា ពួកគេបានរៀបចំឡើងវិញនូវជើងហោះហើរចំនួន ៨៣ និងដាក់ឲ្យមានការហោះហើរឡើងវិញចំនួន ៨២ ដោយបង្វែរគោលដៅជើងហោះហើរ ១៧ និងលុបចោលជើងហោះហើរចំនួន ១៥៩ ដោយសារបញ្ហាអាកាសធាតុមិនសូវល្អ ខណៈជើងហោះហើរ ២០០ ផ្សេងទៀត ត្រូវបានពន្យារពេលហោះហើរ ដើម្បីធានានូវសន្តិសុខ នៅអំទ្បុងពេលអាកាសធាតុអាក្រក់ ស្របពេលដែលជើងហោះហើរ ៦៣ ទៀត បានទទួលរងផលប៉ះពាល់ នៅពេលហោះហើរ៕

មតិយោបល់