ចិនៈ កងនាវាជើងទឹករបស់ទីក្រុងប៉េកាំង បានធ្វើសមយុទ្ធយោធារួមគ្នា ជាមួយកងទ័ពជើងទឹក របស់រុស្ស៊ីនៅទីក្រុង St. Petersburg និង Kaliningrad កាលពីថ្ងៃអាទិត្យ ដែលបានគ្រោងទុកជាលើកដំបូង នៅឆ្នាំនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរបស់ពួកគេ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧។
សមយុទ្ធឈ្មោះថា Joint Sea-2017 បានធ្វើទ្បើងស្រដៀងគ្នាទៅសមយុទ្ធមួយ ដែលបានប្រារព្ធឡើងកាលពីឆ្នាំមុន ហើយមានសមយុទ្ធជាច្រើនទៀត នឹងត្រូវធ្វើឡើងនៅចុងខែកក្កដាខាងមុខនៅសមុទ្រ Baltic និងពាក់កណ្តាលខែកញ្ញា ក្នុងសមុទ្រប្រទេសជប៉ុន រួមទាំងសមុទ្រ Okhotsk របស់រុស្ស៊ី។
ប្រភពដដែល បានបញ្ជាក់ថា កងនាវាចិន បានចេញដំណើរពីខេត្តហៃណាន ស្ថិតនៅភាគខាងត្បូងនៃប្រទេស ដោយពាំនាំនូវនាវាពិឃាត Changsha ,នាវាចម្បាំង Yuncheng, នាវាដឹកសម្ភារៈផ្គត់ផ្គង់ឧទ្ធម្ភាគចក្រ និងទាហានម៉ារីនជាដើម។
គួរបញ្ជាក់ដែរថា ចិន និងរុស្ស៊ី គឺជាសមាជិកក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិ ដែលតែងធ្វើវេតូលើទស្សនៈ ស្រដៀងគ្នា ទៅបញ្ហាសំខាន់ជាច្រើនដូចជាវិបត្តិក្នុងប្រទេសស៊ីរី ដែលផ្ទុយពីសហរដ្ឋអាមេរិក និងអឺរ៉ុបខាងលិច៕

មតិយោបល់