ព័ត៌មានជាតិ

ចាញ់បោកមេខ្យល់ ធ្វើឲ្យខ្មាស់គេនៅពេញព្រលានយន្តហោះ!…

ភ្នំពេញៈ បងប្អូនប្រជាពលរដ្ឋកើតទុក្ខមិនសុខចិត្ត បន្ទាប់ពីចាញ់បោកមេខ្យល់ថា នាំទៅធ្វើការនៅប្រទេសជប៉ុន តែបែរជាទទួលបានលុយ ហើយព្យាយាមគេចខ្លួន ក៏ត្រូវបានប្រជាពលរដ្ឋ ចាប់ប្រគល់ខ្លួនឲ្យសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ ជួយរកដំណោះស្រាយ។

ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះ បានកើតទ្បើងកាលពីវេលាម៉ោង១ និង៤០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៦ ខែវិឆិ្ឆកា ឆ្នាំ២០១៧ ស្ថិតនៅនគរបាលប៉ុស្តិ៍ចោមចៅ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមការបកស្រាយពីបងស្រីម្នាក់ ដែលជាអ្នកចាញ់បោកមេខ្យល់ខាងលើ បានប្រាប់ឲ្យដឹងថា រូបគាត់ពុំបានស្គាល់មេខ្យល់ច្បាស់នោះទេ ខណៈដែលមេខ្យល់ បានមកសួរគាត់ថា ចង់ទៅធ្វើការនៅជប៉ុនដែរឬទេ ដោយបានប្រាប់ថា ខ្លួន (មេខ្យល់) ជាអ្នកនាំពលករទៅធ្វើការនៅជប៉ុន ហើយនិយាយថា នឹងទទួលបានប្រាក់ខែច្រើន ការងារស្រួល ជាមួយប្រាក់ខែក្នុងមួយខែ១៨០០ ដុល្លារ ទើបបងប្អូនប្រជាពលរដ្ឋជឿ និងដោយសារជាមនុស្សស្គាល់តាមគ្នាផង ក៏សម្រេចចិត្តថាទៅ។

ស្រីរងគ្រោះបានបន្តទៀតថា មេខ្យល់ខាងលើ បានមកយកលុយពួកគាត់រហូត ដោយថាយកទៅរត់ការ ដើម្បីបានទៅធ្វើការឆាប់ៗ ដោយអ្នកខ្លះបានលក់ជ្រូក លក់គោ អ្នកខ្លះចងការគេ ដើម្បីរកលុយមកឲ្យមេខ្យល់។

សូមជំរាបថា បងប្អូនប្រជាពលរដ្ឋរងគ្រោះខាងលើ បានដាក់ពាក្យទៅធ្វើការតាំងពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ និងចេញដំណើរនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង១១យប់ លុះមកដល់ល្ងាចថ្ងៃទី១៥ខែវិច្ឆិកា ឆ្នាំ២០១៧ ស្រ្តីមេខ្យល់ខាងលើបាន នាំពួកគាត់មកព្រលានយន្តហោះថា ត្រូវឡើងយន្តហោះថ្ងៃហ្នឹង ដោយពួកគាត់មានគ្នាចំនួន៥នាក់ ដោយមានវាលីខោអាវ ត្រៀមរួចជាស្រេច លុះមកដល់ព្រលានយន្ត គឺពុំមានលិខិតច្បាស់លាស់នោះទេ ហើយស្រ្តីដែលជាមេខ្យល់ បានព្យាយាមគេចខ្លួន ដែលធ្វើជានិយាយទូរសព្ទចុះឡើងៗ ដោយចាំយូរពេកក៏មានការសង្ស័យ ហើយនាំគ្នាទៅសួរខាងព្រលានយន្តហោះ ទើបដឹងថាចាញ់បោកគេ ក៏បាននាំខ្លួនស្រ្តីមេខ្យល់ខាងលើ មកប៉ុស្តិ៍ចោមចៅតែម្តង។

ស្រ្តីដែលជាមេខ្យល់ខាងលើ មានឈ្មោះ អ៊ុ ផាន់ណា ភេទស្រីអាយុ២០ឆ្នាំ មុខរបរកម្មករោងចក្រ ស្នាក់នៅភូមិព្រៃព្រីងខាងជើ ងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតស្រុកល្វាឯម ខេត្តកណ្តាល ឃាត់ខ្លួនបាននៅព្រលានយន្តហោះ។
ស្រ្តីដែលជាមេខ្យល់ បានអះអាងថា ខ្លួនមានក្រុមហ៊ុនឈ្មោះ K K ដែលមានទីតាំងនៅខាងក្រោយសួនកុមារ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

ចំណែកឯជនរងគ្រោះ មានគ្នា៥នាក់ ទី១.ឈ្មោះ ប៊ូ ស៊ីថា ភេទស្រីអាយុ៣៩ឆ្នាំ មុខរបរកាត់ដេរ ស្នាក់នៅផ្ទះជួលភូមិត្រពាំពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅភូមិព្រែកព្នៅ ឃុំព្រែកព្នៅ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ទី២ឈ្មោះប៊ូ ខេមរា ភេទប្រុសអាយុ៣២ឆ្នាំ មុខរបរធ្វើការរោងចក្រ ស្នាក់នៅជាមួយឈ្មោះ ប៊ូស៊ីថា ជាបងប្អូនគ្នា (បានបង់ប្រាក់ឲ្យមេខ្យល់អស់ ៨៧០០ ដុល្លារពីរនាក់បងប្អូន) ទី៣.ឈ្មោះ គីន រិទ្ធ ភេទប្រុសអាយុ២៤ឆ្នាំ មុខរបរធ្វើការរោងចក្រ ស្នាក់នៅទួលសង្កែរខណ្ឌឬស្សីកែវ ទី៤.ឈ្មោះ ឡាយ រមន្នី ភេទប្រុស អាយុ២៥ឆ្នាំ កំពុងរៀនភាសាជប៉ុន ស្នាក់នៅស្ទឹងមានជ័យ និងទី៥.ឈ្មោះ ភៀងស៊ូម ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅស្ទឹងមានជ័យ (ទាំងបីនាក់ឈ្មោះគីនរិទ្ធ ឈ្មោះ ឡាយរមន្នី និងឈ្មោះភៀងស៊ូម បានបង់ប្រាក់ឲ្យមេខ្យល់អស់ ៣៥០០ ដុល្លារ តែយកមកវិញបាន១៨០០ដុល្លារ។

ក្រោយពីនាំខ្លួនស្រ្តីជាមេខ្យល់ឆបោក មកកាន់ប៉ុស្តិ៍ចោមចៅ ដើម្បីឲ្យសមត្ថកិច្ចជួយរកដំណោះស្រាយ ហើយពួកគាត់ក៏បានដាក់ពាក្យបណ្តឹង ប្តឹងទាមទារសំណងជំងឺចិត្ត និងប្រាក់ដែលបានចំណាយយកមកវិញផងដែរ។

បច្ចុប្បន្នស្រី្តឆបោកខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ ដើម្បីរកដំណោះស្រាយជូនជនរងគ្រោះវិញ៕

មតិយោបល់