ព័ត៌មានអន្តរជាតិ

ចិន និងហ្វីលីពីន យល់ព្រមដោះស្រាយវិវាទជាមួយគ្នា នៅសមុទ្រចិនខាងត្បូង ដោយមិនធ្វើសង្គ្រាមនោះទេ

បរទេសៈ នៅក្នុងការកត់សម្គាល់ពីទំនាក់ទំនងល្អប្រសើររបស់ពួកគេ ចិន និងហ្វីលីពីន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើន ដើម្បីលើកកម្ពស់ទំនាក់ទំនងការទូត និងសេដ្ឋកិច្ចនៃប្រទេសទាំងពីរ ក៏ដូចជាការចៀសវាងនូវជម្លោះយោធា ក្នុងដែនទឹកនៅសមុទ្រចិនខាងត្បូងផងដែរ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧។

លោក Li Keqiang នាយករដ្ឋមន្ត្រីចិន បានជួបពិភាក្សាគ្នា ជាមួយប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ស្ដីពីដំណោះស្រាយ នៅដែនទឹកកំពុងមានជម្លោះ នៅឯកិច្ចប្រជុំកំពូលអាស៊ាន ក្នុងទីក្រុង Pasay ប្រទេសហ្វីលីពីន។

ដោយមេដឹកនាំទាំងពីរ បានចាប់ដៃគ្នា និងបានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយថា ប្រទេសទាំងពីរ នឹងផ្តោតលើការដោះស្រាយជម្លោះ នៅសមុទ្រចិនខាងត្បូង ជាមួយការពិភាក្សាគ្នា ដោយមិនប្រើកម្លាំងយោធានោះទេ។

ក្នុងនោះភាគីទាំងសងខាង បានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើដែនសមុទ្រក្នុងតំបន់ ដើម្បីការពារបរិស្ថានសមុទ្រ និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ រួមទាំងកិច្ចសហប្រតិបត្តិការលើដែនសមុទ្ររួមគ្នាផងដែរ៕

មតិយោបល់