នូវែលហ្សេឡង់ៈ នៅថ្ងៃព្រហស្បតិ៍នេះ មនុស្សជាង ១.០០០នាក់ ត្រូវបានជម្លៀសចេញពីលំនៅដ្ឋានរបស់ខ្លួន ខណៈដែល Christchurch ជាទីក្រុងដ៏ធំទី៣ ស្ថិតក្នុងរដ្ឋមួយរបស់ប្រទេសនូវែលហ្សេឡង់ ត្រូវបានប្រកាសដាក់ក្នុងភាពអាសន្ន បន្ទាប់ពីភ្លើងឆេះព្រៃមួយ បានគំរាមកំហែងដល់ផ្ទះប្រជាពលរដ្ឋ។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧។
យោងភ្នាក់ងារសង្គ្រោះអាសន្ន បាននិយាយថា ហេតុការណ៍ភ្លើងឆេះនេះ បានកើតទ្បើងនៅស្រុក Port Hills នៃទីក្រុង ដោយបានចាប់ផ្តើមឆេះនៅដើមសប្តាហ៍នេះ ហើយរីករាលដាលយ៉ាងឆាប់រហ័ស ក្នុងរយៈពេលមួយយប់គ្របដណ្តប់លើផ្ទៃដីជាង ១.៨០០ ហិកតា។
លោក David Adamson មន្ត្រីត្រួតពិនិត្យ និងការពារជនស៊ីវិលនៃទីក្រុង Christchurch បានបានថ្លែងថា «ស្ថានភាពនេះ នៅតែធ្ងន់ធ្ងរ ហើយនៅពេលនេះដែរ ប៉ូលិស និងកម្លាំងការពារជាតិ កំពុងបំពេញការងារដ៏ធំមួយពេញយប់ ជាមួយនឹងការជម្លៀសប្រជាជនចេញពីតំបន់គ្រោះថ្នាក់ ទៅកាន់កន្លែងសុវត្ថិភាព»។
មកទល់ពេលនេះ ប្រតិបត្តិការពន្លត់ ដោយឧទ្ធម្ភាគចក្រ នៅតែបន្តធ្វើទ្បើង ខណៈដែលមានខ្យល់បក់ធ្វើឲ្យអណ្តាតភ្លើងឆេះរាល៕
មតិយោបល់