ថៃៈ ទឹកទន្លេ Phetchaburi បានពេញពោរដោយទឹកជំនន់ និងបានបង្កការបោកបក់នៅលើច្រាំង បណ្ដាលឲ្យហូរចូលក្នុងតំបន់ទីក្រុង ដែលនាំឲ្យមានការបំផ្លិចបំផ្លាញនៅទីប្រជុំជន និងជន់លិចលង់ផ្លូវហាយវ៉េធំៗជាច្រើន ដែលតភ្ជាប់ទៅកាន់តំបន់ភាគខាងត្បូងប្រទេស។ នេះបើយោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧។
នៅថ្ងៃព្រហស្បតិ៍នេះ មានភ្លៀងធ្លាក់យ៉ាងខ្លាំង ក្នុងស្រុក Muang ដែលធ្វើឲ្យមានទឹកជំនន់យ៉ាងជ្រៅ រហូតលិចដល់គល់ភ្លៅប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ នៅតាមដងផ្លូវទីនោះ។
ដោយសាលារៀន និងការិយាល័យរដ្ឋាភិបាល នៅក្នុងស្រុកនោះ ក៏ត្រូវបានជន់លិចផងដែរ ខណៈផ្លូវធំមួយខ្សែរងការជន់លិច និងបណ្ដាលឲ្យកកស្ទះចរាចរប្រហែល ៤គីឡូម៉ែត្រ។
ករណីនេះដែរអាជ្ញាធរខេត្ត បានណែនាំដល់ប្រជាពលរដ្ឋឲ្យធ្វើការជម្លៀសខ្លួន ទៅកាន់ទីទួលខ្ពស់ដើម្បីសុវត្ថិភាព ខណៈដែលទឹកនៅតែបន្តហូរចេញពីទន្លេ ឆ្លងកាត់កណ្តាលទីក្រុង៕
មតិយោបល់