ចិនៈ កងទ័ពជើងទឹករំដោះប្រជាជនចិន (PLAN) បានបញ្ចេញនាវាល្បាតចម្បាំងមុជទឹក ប្រភេទ Type 056A Jiangdao ចំនួន ២ គ្រឿង សម្រាប់ដាក់ឲ្យប្រើក្នុងកងនាវារបស់ខ្លួន នៅដើមខែនេះ ដែលជាចំណាត់ការមួយរបស់ក្រុងប៉េកាំង ក្នុងការជំរុញវត្តមានវា នៅលើដែនសមុទ្រចិនខាងត្បូង។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧។
យោងតាមរបាយការណ៍របស់មន្រ្តីទូត បានឲ្យដឹងថា នាវាចម្បាំងទាំងនេះ ត្រូវបានរៀបចំបំពាក់គ្រឿងនៅថ្ងៃទី ១៦ និងទី ២៨ ខែវិច្ឆិកានេះ ដែលនឹងត្រូវធ្វើប្រតិបត្តិការ ក្រោមការបញ្ជាពីកងនាវាសមុទ្រខាងត្បូងរបស់ PLAN។
នាវាចម្បាំងទាំងនេះ ត្រូវបានបំពាក់ដោយឧបករណ៍ចាប់សំទ្បេងឯកទេសដ៏ពិសេស ដោយមានជើងទម្របាញ់មីស៊ីល ២ ដើម កាំភ្លើងទំហំ ៧៦ មិល្លីម៉ែត្រមួយដើម និងមីស៊ីលប្រឆាំងនាវាប្រភេទ YJ-83 ជាច្រើនគ្រាប់ សម្រាប់ស្វែងរកនាវាមុជទឹក លើកពីនេះទៅទៀត ពួកវាអាចធ្វើការល្បាតការការពារជលផល និងបេសកកម្មអមការពារ បន្ថែមពីលើប្រតិបត្តិការប្រឆាំងនាវាមុជទឹក ក៏ដូចជាប្រតិបត្តិការសឹកលើផ្ទៃទឹកជាដើម។
យោងតាមក្រសួងការពារជាតិចិន បានបញ្ជាក់ថា នាវាទាំងនេះ បានផលិតនៅក្នុងប្រទេស ដែលមានបណ្តោយ ៨៩ ម៉ែត្រ និងទទឹង ១១ ម៉ែត្រ ហើយផ្លាស់ប្តូរទីតាំងនៅលើផ្ទៃទឹក ជាមួយនឹងទម្ងន់ ១,៥០០តោន៕

មតិយោបល់