ចិនៈ ក្រុមអ្នកវិភាគនិយាយថា រដ្ឋាភិបាលក្រុងប៉េកាំង ហាក់បង្ហាញភាពស្ទាក់ស្ទើរ បន្ទាប់ពីអាមេរិកជំរុញឲ្យប្រទេសខ្លួន ចាត់វិធានការប្រឆាំងនឹងក្រុងព្យុងយ៉ាង ទាក់ទងនឹងការបាញ់មីស៊ីលផ្លោងអន្តរទ្វីបនាពេលថ្មីៗនេះ។ នេះបើយោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧។
សាស្រ្តាចារ្យផ្នែកវិទ្យាសាស្រ្តនយោបាយ នៅសាកលវិទ្យាល័យក្រុងប៉េកាំង លោក Jia Qingguo បាននិយាយថា «
អាមេរិកនៅតែជំរុញឲ្យចិន កាត់បន្ថយការផ្គត់ផ្គង់ប្រេងឥន្ធនៈដល់កូរ៉េខាងជើង ខណៈដែលបញ្ហានេះ ត្រូវបានក្រុងប៉េកាំងគេចវេះមិនចង់ធ្វើវារហូតមកទល់ពេលនេះ»។
សូមជំរាបថា ការរឹតបន្តឹងការទណ្ឌកម្មនេះ ត្រូវបានគេមើលឃើញថា កូរ៉េខាងជើងគឺមិនអាចជៀសផុតបានទ្បើយ ជាពិសេសពាក់ព័ន្ធនឹងការអភិវឌ្ឍន៍កម្មវិធីមីស៊ីល Hwasong-15 ដែលបានបង្កឲ្យមានការគំរាមកំហែងដល់សន្តិសុខពិភពលោក។
ទោះជាយ៉ាងក៏ដោយ នេះជាសំណួរមួយ ដែលចិននឹងត្រូវធ្វើការពិចារណាយ៉ាងហ្មត់ចត់ ព្រោះថា ប្រសិនបើប្រេងត្រូវបានកាត់ផ្តាច់ទាំងស្រុង នឹងនាំឲ្យមានបញ្ហាសេដ្ឋកិច្ច ក៏ដូចជាអស្ថិរភាពខាងនយោបាយនៅកូរ៉េខាងជើង ដែលបង្កឲ្យមានភាពចលាចលននៅលើឧបទ្វីបកូរ៉េ៕

មតិយោបល់