អាមេរិកៈ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រាប់មេដឹកនាំប៉ាឡេស្ទីនលោក ម៉ាមូដ អាបាស ថា អាមេរិកនឹងផ្លាស់ទីតាំងស្ថានទូតខ្លួន នៅក្នុងប្រទេសអ៊ីស្រាអែលពីទីក្រុងតេឡាវ៉ាវ ទៅកាន់ទីក្រុងយេរូសាឡឹម ដែលគម្រោងមួយនេះ ត្រូវបានទទួលការថ្កោលទោសយ៉ាងខ្លាំង នៅទូទាំងមជ្ឈឹមបូព៌ា និងបណ្ដាប្រទេសដទៃទៀត។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧។
ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់អាជ្ញាធរប៉ាឡេស្ទីន កាលពីថ្ងៃអង្គារបានរាយការណ៍ថា លោក ត្រាំ បានអំពាវនាវឲ្យលោក អាបាស ប្រាប់ពីចេតនារបស់អាមេរិក ដែលមានបំណងចង់ធ្វើការផ្លាស់ប្ដូរយ៉ាងដូច្នេះ។
ពាក់ព័ន្ធនឹងបញ្ហានេះ ប្រធានាធិបតីលោក អាបាស បានព្រមានអាមេរិកថា «ការសម្រេចចិត្តរបស់រដ្ឋបាលក្រុងវ៉ាស៊ីនតោន នឹងនាំទៅរកលទ្ធផលគ្រោះថ្នាក់ សម្រាប់ដំណើរការសន្តិភាព និងស្ថេរភាព នៅក្នុងតំបន់ ក៏ដូចជាពិភពលោកផងដែរ»។
សូមជំរាបថា មកទល់ពេលនេះ មិនទាន់មានព័ត៌មានលម្អិតបន្ថែម ជុំវិញគម្រោងផ្លាស់ប្តូរទីតាំងស្ថានទូតរបស់ប្រធានាធិបតីអាមេរិកនៅទ្បើយទេ ប៉ុន្តែរដ្ឋមន្ត្រីការបរទេសសេតវិមាន បាននិយាយថា លោក ត្រាំ នឹងថ្លែងសុន្ទរកថាអំពីការសម្រេចចិត្តរបស់លោកនៅថ្ងៃពុធនេះ៕
មតិយោបល់