អាមេរិកៈ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson បាននិយាយកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចាប់ផ្តើមកិច្ចចរចារលើកដំបូង ជាមួយកូរ៉េខាងជើង ដោយគ្មានលក្ខខណ្ឌទុកជាមុន។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧។
ការថ្លែងរបស់លោក Tillerson ហាក់ចង់បង្ហាញពីការផ្លាស់ប្តូរវិធីសាស្រ្ត សម្រាប់អាមេរិក ដែលទាមទារឲ្យក្រុងព្យុងយ៉ាង បញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន មុនពេលកិច្ចចរចាណាមួយ អាចកើតមានឡើង។
ដោយលោក Tillerson បានថ្លែងថា «យើងត្រូវការចរចាជាមួយកូរ៉េខាងជើង ដើម្បីពិភាក្សាគ្នា ខណៈដែលយើងក៏បានត្រៀមខ្លួនរួចជាស្រេច នៅគ្រប់ពេលទាំងអស់ ដែលពួកគេចង់និយាយ»។
យ៉ាងណាមិញលោក ក៏បានបញ្ជាក់ដែរថា មុននឹងពួកគេ (កូរ៉េខាងជើង) ចង់និយាយពីលក្ខខណ្ឌ ឬជម្រើសអ្វីដែលមានភាពខុសគ្នាមុននោះ ពួកគេត្រូវតែដើរចូលមកតុ ដើម្បីនិយាយអំពីវា ហើយមានតែការធ្វើបែបនេះប៉ុណ្ណោះ ទើបអាចរកដំណោះស្រាយទៅបាន៕
មតិយោបល់