ព័ត៌មានអន្តរជាតិ

សង្ស័យជាអំពើភេរវកម្ម សាស្រ្តាចារ្យកូរ៉េខាងត្បូងម្នាក់ ត្រូវរងរបួស បន្ទាប់ពីការផ្ទុះ…

កូរ៉េៈ សាស្រ្តាចារ្យកូរ៉េខាងត្បូងម្នាក់ មាននាមត្រកូលឈ្មោះថា គីម នៅព្រឹកថ្ងៃអង្គារនេះ បានរងរបួស ដោយសង្ស័យថា ជាការវាយប្រហារភេរវកម្ម បន្ទាប់ពីការផ្ទុះប្រអប់មួយ ដែលគេបានបញ្ជូនមកកាន់ការិយាល័របស់លោក។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧។

ហេតុការណ៍ផ្ទុះនេះ បានកើតឡើងនៅម៉ោងប្រហែល ៨ និង៤០ នាទីព្រឹក (ម៉ោងក្នុងស្រុក ) នៅការិយាល័យរបស់លោកសាស្រ្តាចារ្យ ក្នុងអគារមហាវិទ្យាល័យវិស្វកម្ម នៃសាកលវិទ្យាល័យ Yonsei ស្ថិតនៅភាគខាងលិចទីក្រុងសេអ៊ូល។

លោក គីម ត្រូវបានគេនាំយកទៅកាន់មន្ទីរពេទ្យនៅក្បែរនោះ ខណៈដែលគាត់ទទួលរងការរលាកស្រាល នៅក, ទ្រូង និងដៃរបស់គាត់។

បើតាមលោកសាស្រ្តាចារ្យ បានប្រាប់ប៉ូលិសឲ្យដឹងថា នៅពេលដែលគាត់ បានបើកប្រអប់មួយ នៅក្នុងកាតាប ដែលព្យួរនៅមុខទ្វារនៃការិយាល័យរបស់គាត់ វាក៏ស្រាប់តែផ្ទុះទ្បើងតែម្ដង។

នៅក្នុងករណីវាយប្រហារនេះ ត្រូវបានគេសង្ស័យថា ជាអំពើភេរវកម្ម ប៉ុន្តែយ៉ាងណាមិញខាងមន្ត្រីប៉ូលិស មិនទាន់បានបញ្ជាក់ឲ្យបានច្បាស់នោះទេ ដោយកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត៕

មតិយោបល់