កូរ៉េខាងជើង ៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ចុង អ៊ុន Kim Jong Un បានហៅការដាក់ទណ្ឌកម្មថ្មីចុងក្រោយបំផុតរបស់អង្គការសហប្រជាជាតិមកលើខ្លួនថាជា សកម្មភាពបង្កសង្គ្រាម ជាមួយកូរ៉េខាងជើង។ នេះបើតាមរយៈសារព័ត៌មានCNN ចេញផ្សាយនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧។
ទីភ្នាក់ងារព័ត៌មាន KCNA របស់កូរ៉េខាងជើង បាននិយាយថា រដ្ឋាភិបាលក្រុងព្យុងយ៉ាង បដិសេធយ៉ាងដាច់អហង្ការចំពោះសេចក្ដីសម្រេច របស់អង្គការសហប្រជាជាតិនេះ។ រដ្ឋាភិបាលកូរ៉េខាងជើងបានបញ្ជាក់ថា សេចក្ដីសម្រេចនេះគឺជាលទ្ធផលនៃអំពើភេរវកម្មរបស់សហរដ្ឋអាមេរិកដែលធ្វើមកលើជោគជ័យរបស់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានសម្រេចជាឯកច្ឆន្ទកាលពីថ្ងៃសុក្រកន្លងទៅនេះ ដើម្បីដាក់ទណ្ឌកម្មមួយចំនួនបន្ថែមទៀតលើប្រទេសកូរ៉េខាងជើង ដោយទណ្ឌកម្មនោះសំដៅលើវិស័យ ឬផ្នែកណាដែលជួយដល់កម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលខុសច្បាប់របស់កូរ៉េខាងជើង។
ការប្រកាសរបស់កូរ៉េខាងជើងចំពោះទណ្ឌកម្មរបស់អង្គការសហប្រជាជាតិនេះ គឺមានបំណងចង់តតាំងជាមួយអាមេរិក ដោយកូរ៉េខាងបានបញ្ជាក់ថា ប្រសិនបើសហរដ្ឋអាមេរិកចង់មានសុវត្ថិភាព សហរដ្ឋអាមេរិកត្រូវតែលះបង់គោលនយោបាយបង្កជម្លោះរបស់ខ្លួនចេញ៕
មតិយោបល់