ប៉ាគីស្ថានៈ យោធាប៉ាគីស្ថាន បានព្រមានអាមេរិក ដែលប្រឆាំងនឹងសកម្មភាពខ្លួន ក្នុងការចាត់វិធានការជាឯកតោភាគី ប្រឆាំងនឹងក្រុមប្រដាប់អាវុធ នៅលើដីរបស់ខ្លួន ដែលវាជាឆ្លើយតបដ៏ខ្លាំងក្លា ចំពោះភាពតានតឹងរវាងសម្ព័ន្ធមិត្តទាំងពីរ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧។
ថ្លែងទៅកាន់ក្រុមអ្នកកាសែត នៅទីក្រុង Rawalpindi កាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យយោធាប៉ាគីស្ថាន លោក Asif Ghafoor បានធ្វើការច្រានចោលផងដែរ ជុំវិញទស្សនៈដែលលើកទ្បើងថា រដ្ឋាភិបាលប៉ាគីស្ថាន មិនមានចំណាត់ការគ្រប់គ្រាន់ ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមប្រដាប់អាវុធ នៅក្នុងប្រទេសទ្បើយ។
ដោយលោក Ghafoor បាននិយាយថា « រដ្ឋាភិបាល បានលះបង់ច្រើនណាស់ ក្នុងនោះរួមមានទាំងកងកម្លាំងទាហាន ត្រូវបានបាត់បង់ជីវិត ដោយការបង្ហូរឈាម និងការចំណាយទ្រព្យធនទៀតសោត។ អ្វីទាំងអស់នេះ គឺបញ្ជាក់យ៉ាងច្បាស់ថា យើងបានធ្វើវាគ្រប់គ្រាន់ហើយ ដូចនេះយើងក៏មិនចាំបាច់ ត្រូវធ្វើអ្វីបន្ថែមទៀត តបតាមការចង់នរណាម្នាក់ទ្បើយ»។
ក្នុងនោះលោកបានបញ្ជាក់បន្ថែមថា ប៉ាគីស្ថាននឹងបន្តប្រយុទ្ធ ជាមួយក្រុមប្រដាប់អាវុធ នៅក្នុងតំបន់ ដោយតម្កាល់ផលប្រយោជន៍ផ្ទាល់ខ្លួន ជាជាងតាមការបង្គាប់ពីប្រទេសដទៃ៕
មតិយោបល់