វ៉េណេស៊ុយអេឡាៈ ក្រុមអ្នកគាំទ្ររដ្ឋាភិបាលប្រហែល ១០០ នាក់ បានចូលទៅក្នុងរដ្ឋសភា ដែលគ្រប់គ្រងដោយគណបក្សប្រឆាំង និងបានវាយដំអ្នកតាក់តែងច្បាប់ជាច្រើននាក់។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧។
តាមសាក្សីបាននិយាយថា ការប្រឈមមុខដាក់គ្នានេះ បានកើតឡើងបន្ទាប់ពីសម័យប្រជុំសភា ដើម្បីកំណត់ទិវាឯករាជ្យរបស់ប្រទេស។
ពួកយោធាដែលយាមល្បាតនៅទីនោះ ត្រូវបានក្រុមអ្នកគាំទ្រលួចវាយឆ្មក់ដោយឈើ និងបំពង់ ដើម្បីអាចឆ្លងកាត់តាមច្រកចូលទៅកាន់រដ្ឋសភា ដែលទាក់ទងនឹងបញ្ហានេះ ខាងរដ្ឋាភិបាល បានប្ដេជ្ញាថា នឹងធ្វើការស៊ើបអង្កេត។
សូមជំរាបថា នៅមិនបានប៉ុន្មានម៉ោងផង មនុស្ស ៣៥០ នាក់ ត្រូវបានកងកម្លាំងឡោមព័ទ្ធ។
ប្រធានសំឡេងភាគច្រើនសភាមកពីបក្សប្រឆាំង លោក Julio Borges បាននិយាយនៅលើបណ្តាញសង្គម Twitter ថា ក្នុងចំណោមអ្នកត្រូវទ្បោមព័ទ្ធទាំងនោះ គឺមានអ្នកសារព័ត៌មានចំនួន ១០៨ នាក់ ព្រមទាំងនិស្សិត និងអ្នកចូលមកមើលហេតុការណ៍នេះផងដែរ។
បើតាមសាក្សីបានប្រាប់ភ្នាក់ងារព័ត៌មានរ៉យទ័រថា មនុស្សមួយចំនួន ត្រូវបានគេអនុញ្ញាតឲ្យចេញពីទីនោះ។
នៅក្នុងហេតុការណ៍នេះដែរ មានសមាជិកសភា ០៥នាក់បានរងរបួស ត្រូវបានគេនាំយកទៅព្យាបាលនៅមន្ទីរពេទ្យ។
គួរបញ្ជាក់ដែរថា វេណេហ្ស៊ុយអេឡា ត្រូវបានរង្គោះរង្គើដោយការតវ៉ា ជាមួយនឹងហិង្សាជាញឹកញយ ក្នុងប៉ុន្មានខែថ្មីៗនេះ ខណៈដែលប្រទេសមួយនេះ កំពុងស្ថិតនៅក្នុងវិបត្តិសេដ្ឋកិច្ច៕
មតិយោបល់