ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង បាញ់គ្រាប់មីស៊ីលជាច្រើនគ្រាប់ ចូលក្នុងដែនសមុទ្រ

កូរ៉េៈ រដ្ឋាភិបាលក្រុងព្យុងយ៉ាង នៅថ្ងៃសៅរ៍នេះ បានបាញ់គ្រាប់មីស៊ីលជាច្រើនគ្រាប់ ចូលក្នុងដែនសមុទ្រ ស្ថិតនៅខេត្ត Kangwon ភាគខាងកើតប្រទេសរបស់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧។

ការិយាល័យអគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង បាននិយាយថា គ្រាប់ផ្លោងទាំងនោះ បានហោះឆ្ពោះទៅកាន់ទិសដៅ ភាគឦសានប្រហែល ២៥០ គីឡូម៉ែត្រ ទើបធ្លាក់ចូលទៅក្នុងសមុទ្រ។

យោងតាមទីភ្នាក់ងារព័ត៌មានយ៉ុនហាបរបស់កូរ៉េខាងត្បូង បានឲ្យដឹងថា មីស៊ីលផ្លោងមួយគ្រាប់ ទំនងជាត្រូវបានបាញ់ចេញ ដោយពុំមាននរណាបានដឹងថា មានគោលដៅទៅទីណានោះទេ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ទូរទស្សន៍​​រដ្ឋ​ដ៏​ធំ​របស់​ជប៉ុន NHK បាននិយាយថា គ្រាប់ផ្លោងដែលបានបាញ់ចេញទាំងនោះ ទំនងជាមិនមែនជាអាវុធ ដែលអាចគំរាមកំហែងដល់សុវត្ថិភាពជប៉ុននោះទេ។

សូមជំរាបថា ការបាញ់មីស៊ីលផ្លោងនេះ គឺលើកទី១ សម្រាប់ខែសីហានេះ ដែលត្រូវបានគេជឿងថា វាអាចហោះបានរយៈចម្ងាយដល់ទៅ ១០,០០០ គីឡូម៉ែត្រឯណោះ ដែលក្រុងព្យុងយ៉ាង បានរចនាវាឡើង ដើម្បីវាយប្រហារទៅកាន់ទឹកដីសហរដ្ឋអាមេរិក៕

មតិយោបល់