បរទេសៈ កាន់តែមើលមុខដាក់គ្នាលែងចំ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចោទប្រកាន់រដ្ឋាភិបាលចិនថា កំពុងល្មើសនឹងទណ្ឌកម្មអន្តរជាតិ ដោយបានបិទភ្នែកធ្វើជាមិនដឹង ហើយបន្តផ្ទេរប្រេងទៅឲ្យប្រទេសកូរ៉េខាងជើង ខណៈដែលរឿងនេះ ត្រូវបានក្រុងប៉េកាំង ធ្វើការច្រានចោលផងដែរ។
លោក ត្រាំ បានសរសេរនៅលើប្រព័ន្ធ Twitter ថា មានការខកចិត្តយ៉ាងខ្លាំង នៅពេលដែលចិន បានអនុញ្ញាតឲ្យប្រេងហូរចូល ទៅក្នុងប្រទេសកូរ៉េខាងជើង ដោយលោក បានរិះគន់ក្រុងប៉េកាំងថា វានឹងមិនក្លាយជាដំណោះស្រាយមិត្តភាពនោះទេ ចំពោះបញ្ហាកូរ៉េខាងជើង ប្រសិនបើរឿងនេះ នៅតែបន្តកើតឡើងនោះ។
កាលពីសប្តាហ៍មុន ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ បានដាក់ទណ្ឌកម្មថ្មី ប្រឆាំងនឹងក្រុងព្យុងយ៉ាង ដោយបានដាក់កំហិតការនាំប្រេងចូលរបស់កូរ៉េខាងជើង ដើម្បីឆ្លើយតបទៅនឹងការសាកល្បងមីស៊ីលផ្លោងអន្តរទ្វីប នាពេលថ្មីៗរបស់របបដាច់ស្រយាលមួយនេះ។
សូមជំរាបថា ពាក់ព័ន្ធនឹងរបាយការណ៍ នាវាចិនជាច្រើនគ្រឿង បានលក់ប្រេងទៅឲ្យនាវាកូរ៉េខាងជើងរាប់សិបដង ចាប់តាំងពីខែតុលាកន្លងមកនោះ ត្រូវបានអ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ហួ ឈុនយីង ច្រានចោលផងដែរ ដោយអះអាងថា រឿងនេះពុំមែនជាពិតនោះទេ ខណៈលោកស្រី បានបញ្ជាក់ថា រដ្ឋាភិបាលខ្លួន មិនបានអនុញ្ញាតឲ្យពលរដ្ឋ ឬក្រុមហ៊ុនរបស់ខ្លួន ចូលរួមក្នុងសកម្មភាពណាមួយ ដែលរំលោភលើសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិឡើយ៕

មតិយោបល់