ព័ត៌មានអន្តរជាតិ

គណបក្សកាន់អំណាចកូរ៉េខាងត្បូងថា មេដឹកនាំកំពូលកូរ៉េខាងជើង កំពុងបង្ហាញសញ្ញាវិជ្ជមាន

កូរ៉េៈ គណបក្សប្រជាធិបតេយ្យ ដែលកំពុងកាន់អំណាចរបស់កូរ៉េខាងត្បូង បានកត់សម្គាល់ឃើញថា មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបង្ហាញពីឆន្ទៈវិជ្ជមានរបស់ខ្លួន ដោយបើកទូលាយចំពោះកិច្ចពិភាក្សា ជាមួយកូរ៉េខាងត្បូង សម្រាប់ព្រឹត្តិការណ៍អូឡាំពិក នារដូវរងារឆ្នាំ ២០១៨។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៨។

នៅក្នុងសន្និសីទសារព័ត៌មានមួយ អ្នកនាំពាក្យរបស់គណបក្ស បាននិយាយថា លោក គីម បានលើកឡើងអំពីការទទួលជោគជ័យ នៃព្រឹត្តិការណ៍អូឡាំពិករដូវរងារ PyeongChang ហើយលោកបានស្នើឲ្យមានកិច្ចចរចារវាងកូរ៉េទាំងពីរ ដើម្បីរកដំណោះស្រាយចាំបាច់ រួមទាំងការបញ្ជូនគណៈប្រតិភូកូរ៉េខាងជើង ទៅក្នុងការប្រកួតកីឡាអូឡាំពិកនារដូវរងារឆ្នាំថ្មីនេះ នៅកូរ៉េខាងត្បូងផងដែរ។

ព្រឹត្តិការណ៍កីឡារដូវរងារនេះ ត្រូវបានគេគ្រោងនឹងចាប់ផ្តើម នៅតំបន់ Pyeongchang ភាគខាងកើតប្រទេសកូរ៉េខាងត្បូង នាខែកុម្ភៈខាងមុខ។

ប្រភពដដែលបានបន្ថែមថា គណបក្សកាន់អំណាចកូរ៉េខាងត្បូង បានមើលឃើញពីជំហរវិជ្ជមានរបស់លោក គីម ដែលបានអំពាវនាវឲ្យមានកិច្ចចរចា ជាមួយរដ្ឋាភិបាលកូរ៉េខាងត្បូង ដើម្បីធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ៕

មតិយោបល់