ព្រះសីហនុៈ លោកវរសេនីយ៍ត្រី ហួ យ៉ៃ អធិការរងស្រុកព្រៃនប់ ទទួលផ្នែកព្រហ្មទណ្ឌ បានប្រាប់ Post News ថា កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧បានទទួលបណ្ដឹងពី ឈ្មោះ គាត សូនី ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅ ក្រុមទី១២ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុថា នៅការដ្ឋានសំណង់របស់គាត់ តាមផ្លូវជាតិលេខ៣ ស្ថិតនៅភូមិព្រែកទាល់ ឃុំទឹកថ្លា ស្រុកព្រៃនប់ មានជនសង្ស័យ បានលួចយកសម្ភារៈ អស់ជាច្រើនមុខ មានដូចជា៖
ដែកសសៃទំហំ១០លី ចំនួន៦តោន, ដែកក្រចាប់ទីបចំនួន១៤.០០០ក្រចាប់, ម៉ាស៊ីនលាយស៊ីម៉ង់ត៍ ចំនួន៧គ្រឿង ធំ១គ្រឿង និងឧបករណ៍គ្រឿងសំណង់ ជាច្រើនទៀត ដូចជា ម៉ូទ័រ ខ្សែភ្លើង គ្រឿងម៉ាស៊ីន ក្តារពុម្ភ ដែកទីប អន្ទា ពុម្ភឥដ្ឋខ្យល់ជាដើម។
ដែកនិងសម្ភារៈទាំងនោះម្ចាស់បានទុកក្នុងកុងតឺន័រចំនួន២ ត្រូវចោរយកទឹកអាស៊ីតចាក់ចូលសោសុវត្ថិភាព ហើយលួចយក ជាបន្តបន្ទាប់ រហូតដល់ យប់ថ្ងៃទី២៥។
ក្រោយពីបានធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាបាន នៅថ្ងៃទី៣១ខែធ្នូ សមត្ថកិច្ចបានធ្វើការ ឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្នោះ ស៊ុន ប៊ុនហួ ភេទប្រុស អាយុ៦១ឆ្នាំ មុខរបរកម្មករ មានទីលំនៅ ភូមិព្រែកទាល់ ឃុំទឹកថ្លា ស្រុកព្រែនប់ ខេត្តព្រះសីហនុ (ដែលជាជនដៃដល់)ធ្វើសកម្មភាពលួចកាត់សោទូកុងតឺន័រហើយលួចសម្ភារៈទាំងអស់លក់ទៅឲ្យឈ្មោះ វិច្ឆិកា ហៅឡេវ អ្នកទិញអេតចាយ ដែលបានគេចខ្លួន ក្រោយពីពេលបែកការណ៍។
ក្រោយពេលឃាត់ខ្លួនឈ្មោះស៊ុន ប៊ុនហួ មកសាកសួរទើបដឹងថា អំពើលួចនេះមានគ្នាចំនួន២នាក់ បានលួចយកដោយដឹកតាមគោយន្ត និងរម៉ក ជាច្រើនដងនៅពេលយប់ ដល់ថ្ងៃទី២៥ ទើបម្ចាស់បានដឹងថាបាត់។ បច្ចុប្បន្ន ជនសង្ស័យ កំពុងកសាងសំណុងរឿង ដើម្បីបញ្ជូនការិយាល័យជំនាញ៕
មតិយោបល់