អ៊ីរ៉ង់ៈ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍កាលពីថ្ងៃអាទិត្យថា យ៉ាងហោចណាស់ក្រុមបាតុករ ៧ នាក់ និងប៉ូលិសសន្តិសុខម្នាក់ ត្រូវបានសម្លាប់ ក្នុងភាពចលាចលនៅអ៊ីរ៉ង់។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៨។
លោក Saeed Shahrokhi អភិបាលរងខេត្ត Hamedan បានប្រាប់នៅក្នុងទូរទស្សន៍របស់រដ្ឋថា មនុស្ស ៣ នាក់ ត្រូវបានសម្លាប់ នៅក្នុងការតវ៉ា នៅទីក្រុង Tuiserkan ខណៈដែលប៉ូលិសម្នាក់ ត្រូវបានសម្លាប់ និង ៣នាក់ទៀតរងរបួស ដោយក្រុមបះបោរនៅទីក្រុង Najaf Abad របស់ប្រទេសអ៊ីរ៉ង់។
ដោយទ្បែកទីភ្នាក់ងារព័ត៌មានក្នុងស្រុក បានរាយការណ៍ថា មនុស្ស ៤ នាក់ផ្សេងទៀត ត្រូវបានសម្លាប់ នៅក្នុងភាពចលាចលនាពេលថ្មីៗនេះ ក្នុងទីក្រុង Doroud ភាគខាងលិចខេត្ត Lorestan របស់អ៊ីរ៉ង់ផងដែរ។
សូមជំរាបថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ បាតុកម្មប្រឆាំងរដ្ឋាភិបាល បានផ្ទុះឡើងនៅក្នុងទីក្រុងសំខាន់ៗរបស់អ៊ីរ៉ង់ ហើយនៅក្នុងករណីមួយចំនួន បានប្រែក្លាយទៅជាអំពើហឹង្សា និងការប៉ះទង្គិចគ្នា រវាងក្រុមអ្នកតវ៉ា និងប៉ូលិស៕
មតិយោបល់