UN: ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអង្គារថា អាមេរិក នឹងកាត់ផ្ដាច់ជំនួយនាពេលអនាគត សម្រាប់ប្រជាជនប៉ាឡេស្ទីន ដោយចោទប្រកាន់ពួកគេ «មិនមានឆន្ទៈនិយាយពីសន្តិភាព» ជាមួយអ៊ីស្រាអែល។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨។
លោក ត្រាំ បាននិយាយថា «ក្រុងវ៉ាស៊ីនតោន បានផ្តល់ឲ្យប្រជាជនប៉ាឡេស្ទីននូវជំនួយរាប់ពាន់លានដុល្លារ ក្នុងមួយឆ្នាំ ប៉ុន្តែមិនទទួលបានការសរសើរ ឬគោរពអ្វីសោះ ហើយពួកគេក៏មិនចង់បានការចរចារ សម្រាប់សន្ធិសញ្ញាសន្តិភាពយូរអង្វែង ជាមួយអ៊ីស្រាអែលទ្បើយ ដូច្នេះ ហេតុអ្វីបានជាអាមេរិក ត្រូវធ្វើការបង់ប្រាក់ដ៏ធំសម្បើម ទៅឲ្យពួកគេនាពេលអនាគតទៀតនោះ»។
ការថ្លែងរបស់លោកប្រធានាធិបតី បានធ្វើទ្បើងកាលពីថ្ងៃអង្គារ បន្ទាប់ពីឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅ U.N បានប្រកាសឈប់ផ្តល់មូលនិធិដល់ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ ទៅលើជំនួយមនុស្សធម៌ ដល់ជនភៀសខ្លួនប៉ាឡេស្ទីន។
សូមជំរាបថា ទំនាក់ទំនងរវាងប៉ាឡេស្ទីន និងអាមេរិក មានភាពល្អក់កករចំពោះគ្នា ចាប់តាំងពីដើមខែតុលាកន្លងមក បន្ទាប់ពីលោក ត្រាំ បានប្រកាសទទួលស្គាល់ទីក្រុងយេរូសាឡឹមថា ជារដ្ឋធានីរបស់អ៊ីស្រាអែល ដែលបង្កឲ្យមានកំហឹងជុំវិញពិភពអារ៉ាប់ រួមទាំងការព្រួយបារម្ភ ក្នុងចំណោមសម្ព័ន្ធមិត្តលោកខាងលិចរបស់ទីក្រុងវ៉ាស៊ីនតោនផងដែរ៕
មតិយោបល់