អាមេរិកៈ លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Jeff Sessions បានច្រានចោលទៅនឹង ការលើកទ្បើងថា លោកបានស៊ុមគ្រលុំជាមួយរុស្ស៊ី នៅក្នុងយុទ្ធនាការបោះឆ្នោតរបស់លោក ដូណាល់ ត្រាំ កាលពីឆ្នាំមុន ដោយបានហៅការចោទប្រកាន់មួយនេះថា ជារឿងដ៏តក់ស្លុត និងកុហកគួរឲ្យស្អប់ខ្ពើមជាទីបំផុត។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងសវនាការរបស់សភា លោក Sessions បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការចោទប្រកាន់ថា លោកបានប្រព្រឹត្ដមិនត្រឹមត្រូវ ក្នុងអំឡុងពេលនៃការជួបប្រជុំគ្នាជាបន្តបន្ទាប់ជាមួយមន្ត្រីរុស្ស៊ី ឬក៏ថា លោកបានដឹងពីការប៉ុនប៉ងឃុបឃិតគ្នា ដោយសមាជិកនៃក្រុមយុទ្ធនាការរបស់លោក ត្រាំនោះ។
ក្នុងនោះដែរ លោក Sessions បានប្រាប់សវនាការនៃគណៈកម្មាធិការចារកម្មព្រឹទ្ធសភាថា « ខ្ញុំមិនដែលបានជួប ឬមានការសន្ទនាណាមួយ ជាមួយមន្រ្តីការបរទេសរុស្ស៊ី ឬក៏ទាក់ទងចូលនឹងការជ្រៀតជ្រែកយុទ្ធនាការណាមួយ នៅក្នុងការបោះឆ្នោតសហរដ្ឋអាមេរិកឡើយ»។
ដោយលោកបានបន្ថែមថា «ខ្ញុំមិនមានចំណេះដឹងបែបសន្ទនាណាមួយ ដោយបានជាប់ទាក់ទងនឹងនរណាម្នាក់ នៅក្នុងយុទ្ធនាការរបស់លោក ត្រាំ ទេ»។
សូមជំរាបថា សវនាការរបស់គណៈកម្មាធិការខាងស៊ើបការណ៍សម្ងាត់របស់ព្រឹទ្ធសភាសអាមេរិក ជាជំហានថ្មីៗបំផុត នៅក្នុងការស៊ើបអង្កេតជាច្រើន ដែលកំពុងមានអំពីការជ្រៀតជ្រែករបស់រុស្ស៊ី ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីឆ្នាំមុន៕
មតិយោបល់