ព័ត៌មានអន្តរជាតិ

សង្គ្រាមពាក្យសម្ដី រវាងប៉ាគីស្ថាន និងអាមេរិក កាន់តែពុះកញ្ជ្រោល

បរទេសៈ ប៉ាគីស្ថាន បានវាយបកត្រលប់ទៅកាន់អាមេរិកវិញ បន្ទាប់ពីការចោទប្រកាន់ពីបទឆបោក និងការផ្តល់ទីតាំងសុវត្ថិភាពសម្រាប់ពួកភេរវករ តាមរយៈប្រព័ន្ធ Twitter ពីសំណាក់ប្រធានាធិបតីលោក ដូណាល់ ត្រាំ ។ នេះបើយោងតាមសារព័ត៌មាន aljazeera ចេញផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨។

នៅក្នុងសារបង្ហោះជាលើកដំបូង របស់លោក ត្រាំ កាលពីថ្ងៃច័ន្ទ បានគំរាមកាត់ផ្ដាច់ជំនួយប៉ាគីស្ថាន សម្រាប់ការកុហកអាមេរិក រួមទាំងការផ្ដល់ការជួយដល់ក្រុមភេរវករ នៅក្នុងប្រទេសអាហ្គានីស្ថាន។

ជុំវិញបញ្ហានេះ ក្រុងវ៉ាស៊ីនតោន បានលើកទ្បើងពីការផ្ដល់ជំនួយឥតសំណង ដល់ប៉ាគីស្ថានជាង ៣៣ ពាន់លានដុល្លារ ក្នុងរយៈពេល ១៥ ឆ្នាំចុងក្រោយនេះ ជាលទ្ធផលខ្លួន ទទួលបានមកវិញនូវការកុហក និងបោកប្រាស់ ខណៈដែលពួកគេ បានគិតថា មេដឹកនាំរបស់យើង (លោក ត្រាំ) ជាមនុស្សល្ងីល្ងឺ»។

ប្រភពដដែលបានបន្ថែមថា ប៉ាគីស្ថានបានផ្តល់កន្លែងសុវត្ថិភាពដល់ពួកភេរវករ ជាមួយនឹងការផ្ដល់ជំនួយតិចតួច ខណៈដែលអាមេរិក កំពុងតាមប្រមាញ់ពួកគេ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ប៉ុន្តែនៅពេលនេះ រឿងមួយនេះ នឹងមិនមានទៀតនោះទេ។

ជាការឆ្លើយតបទៅវិញ កាលពីថ្ងៃអង្គារ លោក Shahid Khaqan Abbasi នាយករដ្ឋមន្ត្រីប៉ាគីស្ថាន បានអំពាវឲ្យមានកិច្ចប្រជុំគណៈកម្មាធិការសន្តិសុខជាតិ (NSC) មួយ ដែលមានមេបញ្ជាការកងទ័ពជើងទឹក និងអាកាស ប្រមុខស៊ើបការណ៍សម្ងាត់ និងរដ្ឋមន្រ្តីក្រសួងផ្សេងទៀត ដើម្បីពិភាក្សាអំពីចំណាត់ការនាពេលអនាគត។

ក្រោយពីកិច្ចប្រជុំនេះ NSC បានសម្តែងនូវការខកចិត្តយ៉ាងជ្រាលជ្រៅ ចំពោះសេចក្តីអត្ថាធិប្បាយរបស់លោក ត្រាំ៕

មតិយោបល់