ព័ត៌មានអន្តរជាតិ

ជប៉ុន ថាប្រទេសខ្លួន កំពុងប្រឈមគ្រោះមហន្តរាយដ៏ធំបំផុត ដោយសារកូរ៉េខាងជើង ចាប់តាំងពីសង្រ្គាមលោកលើកទី២ កន្លងផុត

ជប៉ុនៈ រដ្ឋាភិបាលក្រុងតូក្យូ បានអះអាងថា ស្ថានភាពសន្តិសុខក្នុងប្រទេសខ្លួន កំពុងប្រឈមមុខនឹងគ្រោះមហន្តរាយធំបំផុត ចាប់តាំងពីសង្គ្រាមលោកលើកទី២កន្លងផុត ដោយសារតែការបង្កហេតុ ដែលមិនអាចទទួលយកបាន ពីសំណាក់រដ្ឋាភិបាលកូរ៉េខាងជើង។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧។

ជុំវិញបញ្ហានេះ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកនឹងប្តេជ្ញាចិត្តយ៉ាងរឹងមាំ ដើម្បីបង្កើនការការពារ សម្រាប់ប្រជាជនខ្លួន។

ដោយលោកបានបញ្ជាក់ថា ភាពតានតឹងនៅក្នុងតំបន់ បានកើនឡើងចាប់តាំងពីក្រុងព្យុងយ៉ាង បានធ្វើតេស្តនុយក្លេអ៊ែរលើកទី៦ ដ៏ធំបំផុតរបស់ខ្លួន កាលពីខែកញ្ញាកន្លងទៅ ហើយបានអះអាងពីភាពជោគជ័យ ក្នុងការសាកល្បងមីស៊ីលផ្លោងអន្តរទ្វីប ដែលអាចវាយប្រហារទៅដល់ដីគោក ទាំងអស់របស់អាមេរិក។

ក្នុងនោះដែរលោក អាបេ បានបន្ថែមទៀតថា រដ្ឋបាលលោក នឹងចាត់វិធានការថ្មី ដើម្បីពង្រឹងលើវិស័យការពារជាតិរបស់ខ្លួន ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិតទ្បើយ ថាលោកនឹងធ្វើទៅលើអ្វីខ្លះនោះ៕

មតិយោបល់