កីឡាៈ ចប់ការប្រកួតរយៈពេល ៩០នាទី ក្រុមបាល់ទាត់ប្រទេស ក្រូអាត ទទួលបាន ៣ពិន្ទុ យ៉ាងប្រផិតប្រផើយ ដោយបានយកឈ្នះ ក្រុមតួកគី ដោយលទ្ធផល ១ទល់នឹង ០ ដោយបាល់ស៊ុតបញ្ចូលទីពីចម្ងាយបានយ៉ាងល្អ ដោយកីឡាករ លូកា ម៉ូឌ្រីក នៅនាទីទី៤១។
យ៉ាងណាក៏ដោយការប្រកួតនៅកីឡដ្ឋាន Parc Des Princes ក្នុងប្រទេសបារាំងនេះ ក្រុមក្រូអាត គឺនៅតែបន្តសម្រុកតួកគីដដែលផងដែរ ដោយក្រូអាត ស្ទើតែបន្ថែមមួយគ្រាប់ទៀត ដោយបាល់ពិន័យ Free Kick ប៉ុន្តែមិនមានសំណាង ដោយស៊ុតបាល់ទៅប៉ះនឹងរបារទីខាងលើ ចេញក្រៅ។
ការប្រកួតនេះ ក៏មានការចាយកាតលឿងចំនួន៣ផងដែរ ទៅលើកីឡាករតួកគីបានបំពានលើកីឡាករក្រូអាតបណ្តាលឲ្យរបួសបែកក្បាលម្នាក់ នៅតង់ទីមួយ។ ដោយកីឡាករតួកគីដែលទទួលបានកាតលឿងនោះគឺមាន កីឡាករ Cenk Tosun ពាក់អាវលេខ៣១ និងកីឡាករ Hakan Balta ពាក់អាវលេខ៤៩ និងកីឡាករ Volkan sen ចំណែកកីឡាករក្រូអាត Ivan Strinic ក៏ទទួលបានកាតលឿងមួយផងដែរ។
សូមជំរាបផងដែរថា កីឡាករ លូកា ម៉ូឌ្រីក ដែលស៊ុតរកបានមួយគ្រាប់ឲ្យក្រូអាត នាំមុខតួកគីនេះ គឺជាកីឡាករឆ្នើម វ័យ ៣១ឆ្នាំ ដែលលេងឲ្យក្លឹប Real Madrid ក្របខណ្ឌ Laliga របស់ប្រទេស អេស្បាញ។ លូកា ម៉ូឌ្រីក បានផ្ទេរពីក្រុម Tottenham Hotspur ក្រុមខណ្ឌអង់គ្លេស ទៅ Real Madrid នេះ គឺក្នុងតម្លៃខ្លួន ៣០លានអឺរ៉ូផងដែរ។
មតិយោបល់