ជប៉ុនៈ ក្រសួងការពារជាតិក្រុងតូក្យូ បានបញ្ចប់ការអភិវឌ្ឍមីស៊ីលប្រឆាំងនាវាមុជទឹកជំនាន់ថ្មីរបស់ខ្លួន មានឈ្មោះថា XASM-3 ជាមួយនឹងការផលិតទ្រង់ទ្រាយធំ ដែលនឹងចាប់ផ្តើមនៅឆ្នាំ ២០១៩ ខាងមុខ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨។
តាមរបាយការណ៍ពីអ្នកការទូត បាននិយាយថា មីស៊ីល XASM-3 ត្រូវបានគេរំពឹងថា នឹងជំនួសម៉ូដែលចាស់ ដូចជាប្រភេទមីស៊ីលធុន Type-80 និងType 93 ដែលត្រូវបានដាក់បំពាក់លើយន្តហោះចម្បាំង F-2 របស់កងទ័ពអាកាសជប៉ុន ដោយយន្ដហោះចម្បាំងនីមួយៗ នឹងអាចដាក់មីស៊ីលប្រភេទថ្មីនេះ ចំនួនពីរគ្រាប់។
យោងតាមសារព័ត៌មាន Yomiuri Shimbun បានឲ្យដឹងថា មីស៊ីលថ្មីប្រឆាំងនាវាមុជទឹកនេះ អាចមានសមត្ថភាពឈានដល់ល្បឿនរហូតដល់ទៅ Mach 3 ពោលគឺលឿនជាងសំឡេងដល់ទៅ ៣ ដង ហើយវាក៏ជាមីស៊ីលជំនួសដំបូង ដែលផលិតដោយប្រទេសកោះមួយនេះផងដែរ៕

មតិយោបល់