ក្នុងចំណោមកូនទាំង៣របស់លោកតាវ៉ិចទ័រ គេកត់សម្គាល់ថាកូនប្រុសច្បង និងកូនស្រីកណ្ដាលគឺកញ្ញា នីឡា របស់លោក បានក្លាយជាតារាសិល្បៈយ៉ាងជោគជ័យនាពេលចុងក្រោយ។ សម្រាប់កូនប្រុសពៅរបស់លោកវិញ ក៏មានរូបរាង និងមុខមាត់សឹងតែតារាសុំខ្មាស់ផងដែរ ប៉ុន្តែចំណូលចិត្តរបស់ប្អូន មិនដូចឪពុក និងបងៗទេ គឺចង់ធ្វើតែ Pilot ឬ ជាអ្នកបើកយន្តហោះតែមួយគត់។
លោក សុវណ្ណ រិទ្ធី ហៅលោកតាវ៉ិចទ័រ បានថ្លែងប្រាប់ថាកូនប្រុសច្បងរបស់លោកសព្វថ្ងៃគឺជាអ្នកភ្លេង ដោយលោកជាអ្នកវាយស្គរប្រចាំវង់ភ្លេងមួយដែលមានការងារប្រចាំនៅក្នុងភោជនីយដ្ឋាន និងជាជំនួយការកម្មវិធីប្រគំតន្ត្រីA1 របស់ទូរទស្សន៍CTN។ កូនប្រុសច្បងរបស់លោកមានឈ្មោះថា វ៉ាន់ ប៉េរ៉ា ដោយលោកបានទទួលជោគជ័យក្នុងអាជីពជាតន្ត្រីករប្រមាណជាច្រើនឆ្នាំមកហើយ។ សម្រាប់កូនទី២របស់លោក គឺមហាជនបានស្គាល់យូរមកហើយ គឺកញ្ញា វ៉ាន់ នីឡា ដែលជាតារាកំប្លែងផង និងជាតារាសម្ដែងកុនផងតាំងពីវ័យ១២ឆ្នាំ។ លោកតាវ៉ិចទ័រ បញ្ជាក់ថាកូនប្រុសរបស់លោកមានឈ្មោះ វ៉ាន់ គាវីន ទើបតែរៀនដល់ថ្នាក់ទី៦ប៉ុណ្ណោះ ប៉ុន្តែគេមានកម្ពស់ និងរូបរាងចង់ធំៗជាងលោក និងបងៗទៅទៀត។ យ៉ាងណាមិញ កូនពៅម្នាក់នេះអត់មានចំណូលចិត្តលើទម្រង់សិល្បៈណាមួយទាល់តែសោះ ថ្វីដ្បិតថាលោកបានយកប្អូនអោយសម្ដែងជាមួយក្រុមកំប្លែង ដើម្បីអោយគេបានស្គាល់ពីទម្រង់សិល្បៈ។ លោកថាកូនពៅរបស់លោកមានបំណងតែមួយគត់ គឺចង់ក្លាយជាអ្នកបើកបរយន្តហោះ ដោយលោកនឹងជំរុញអោយគេបានទទួលជោគជ័យតាមក្ដីស្រម៉ៃនោះផង ក្នុងពេលដែលលោកក៏ចង់មានកូនប្រុសបានក្លាយជាអ្នកបើកបរយន្តហោះផងដែរ។ លោកសុវណ្ណ រិទ្ធិ ហៅលោកតាវ៉ិចទ័រ បន្តថា កូនៗទាំង៣របស់លោកមានចំណូលចិត្តចង់ប្រឡូកសិល្បៈតែ២រូបប៉ុណ្ណោះ ចំណែកកូនពៅ គឺចង់តែរៀនអង់គ្លេស និងរៀនភាសាខ្មែរអោយបានខ្ពង់ខ្ពស់ប៉ុណ្ណោះ ដើម្បីសម្រេចបំណងប្រាថ្នារបស់គេ ដែលទន្ទេញជាប់មាត់។ ក្រៅពីសិក្សានៅសាលារដ្ឋ កូនពៅលោកក៏ជាសិស្សក្នុងសាលាភាសាអន្តរជាតិធំមួយ ដោយលទ្ធផលសិក្សាក៏ល្អគួរអោយសរសើរផងដែរ ទើបលោកយល់ថាអ្វីដែលកូនប្រកាសថាចង់ធ្វើជាអ្នកបើកបរយន្ដហោះ អាចនឹងកើតឡើង។
ជាមួយនឹងការបង្ហើបរបស់លោក បានធ្វើអោយម្នាក់ៗមានការភ្ញាក់ផ្អើលមិនតិចទេ ដោយសារតែកូនពៅរបស់លោក ត្រូវគេឃើញថាមានមុខមាត់ស្រស់សង្ហារមិនចាញ់តារារ ប៉ុន្តែបែរជាមិនមានចំណូលចិត្តដូចលោកជាឪពុក និងបងៗទាំង២ទាល់តែសោះ បើទោះប្អូនលោក មិនពិបាកល្បីឈ្មោះ មិនចាញ់កញ្ញា វ៉ាន់ នីឡា ជាបងស្រី។ រូបសម្រស់របស់កូនពៅ លោកតាវ៉ិចទ័រ ត្រូវគេឃើញអ្នកលេងហ្វេសប៊ុកសរសើរគ្រប់មាត់ នៅពេលលោក បង្ហោះរូបថតក្មេងនេះម្ដង។ យ៉ាងណាក៏ដោយ កូនពៅរបស់លោកមិនដឹងថាលេចមុខក្នុងការសម្ដែងបានច្រើនកម្រិតណានោះទេ ដោយសារតែសិល្បៈមិនមែនជាចំណូលចិត្តរបស់ប្អូន ឯបំណងប្រាថ្នាពិតប្រាកដ ចង់ធ្វើតែជាអ្នកបើកយន្តហោះនោះ៕
មតិយោបល់