ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីហ្វីលីពីន គំរាមប្រជាជនខ្លួនកុំឲ្យទៅធ្វើការ នៅប្រទេសមជ្ឈឹមបូព៌ា បន្ទាប់ពីកើតមានករណីចាប់រំលោភ

ហ្វីលីពីនៈ ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte កាលពីថ្ងៃពុធបានគំរាមហាមឃាត់ប្រជាជនហ្វីលីពីន រាប់សែននាក់ មិនឲ្យទៅធ្វើការជាអ្នកបំរើតាមផ្ទះ នៅប្រទេសមជ្ឈឹមបូព៌ានោះទេ ដោយលោកបាននិយាយថា ពលករហ្វីលីពីនធ្វើការតាមផ្ទះ កំពុងត្រូវបានគេចាប់រំលោភ នៅក្នុងប្រទេសគុយវ៉ែត។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨។

ប្រជាជនហ្វីលីពីនជាង ២ លាននាក់ភាគច្រើននៃពួកគេ គឺជាអ្នកបំរើការងារនៅក្រៅប្រទេស ដែលជួយទ្រទ្រង់សេដ្ឋកិច្ចហ្វីលីពីន ជាមួយនឹងប្រាក់ផ្ញើប្រាក់រាប់ពាន់លានដុល្លារ ដល់គ្រួសាររបស់ពួកគេជារៀងរាល់ឆ្នាំ។

យ៉ាងណាមិញកាលពីសប្តាហ៍មុន លោក Duterte បានហាមប្រជាជនខ្លួន មិនឲ្យស្វែងរកការងារធ្វើនៅក្នុងប្រទេសគុយវ៉ែតនោះទេ ដោយសារតែមានការរាយការណ៍អំពីការរំលោភបំពាន ការកេងប្រវ័ញ្ច និងការស្លាប់បាត់បង់ជីវិតជារឿយៗ។

ក្នុងនោះលោកក៏បានលើកទ្បើងអំពីឧបទ្ទវហេតុមួយ កើតលើស្ត្រីម្នាក់ដែលជាកម្មករហ្វីលីពីន ត្រូវបានគេរំលោភនៅទីនោះ ហើយបានធ្វើអត្តឃាត ដោយលោក បាននិយាយថា ខ្លួននឹងបញ្ចប់បញ្ហានេះ ហើយនឹងហាមឃាត់ប្រជាជនទៅធ្វើការនៅទីនោះ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោកក៏បានធ្វើការសុំទោសចំពោះប្រជាជនហ្វីលីពីនទាំងអស់នៅទីនោះផងដែរ ហើយបានបញ្ជាក់ថា ពួកគេទាំងអស់គ្នា អាចត្រលប់មកប្រទេសកំណើតវិញបាន៕

មតិយោបល់