ព័ត៌មានអន្តរជាតិ

មន្ត្រីកុងស៊ុលសហរដ្ឋអាមេរិក ត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារ នៅខាងភាគលិចប្រទេសម៉ិកស៊ិក

ម៉ិកស៊ិក: ការិយាល័យអគ្គព្រះរាជអាជ្ញាទូទៅរបស់ប្រទេស (PGR) កាលពីថ្ងៃសៅរ៍ បាននិយាយថា មន្ត្រីកុងស៊ុលសហរដ្ឋអាមេរិកម្នាក់ ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារ កាលពីថ្ងៃសុក្រ នៅទីក្រុង Guadalajara ក្នុងរដ្ឋ Jalisco ប្រទេសម៉ិកស៊ិក ។ នេះបើយោងតាមរយ: សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧។

តាមការបញ្ជាក់ពី PGR នៅក្នុងសេចក្តីថ្លែងការណ៍មួយ បានឲ្យដឹងថា បុគ្គលិកខ្លួនបានទំនាក់ទំនង ជាមួយនឹងស្ថានទូតអាមេរិក និងប៉ូលិស ដើម្បីធ្វើសកម្មភាពជាបន្ទាន់ ក្នុងការស្វែងរកអ្នកទទួលខុស ត្រូវចំពោះការវាយប្រហារនេះ ដែលបានកើតឡើងនៅវេលាម៉ោង ៦ និង២០ នាទីល្ងាច (ម៉ោងក្នុងស្រុក)។

មកទល់ពេលនេះ ស្ថានភាពសុខភាពរបស់មន្ត្រីកុងស៊ុលអាមេរិក បានប្រសើរហើយ ក្រោយពីត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅឯមន្ទីរពេទ្យឯកជនមួយ ក្នុងតំបន់ Providencia នៃទីក្រុង។

ក្នុងវិដេអូមួយ បានបង្ហាញថា បុរសខ្មាន់កាំភ្លើងលូកកាំភ្លើងចេញពីហោប៉ៅខាងស្តាំរបស់គាត់ និងបានបាញ់ទៅកាន់មន្ត្រីកុងស៊ុល ដែលកំពុងបើកបរនៅក្នុងរថយន្តពណ៌ខ្មៅមួយ។

ស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសម៉ិកស៊ិក បានប្រកាសនៅលើ Twitter ថា FBI នឹងផ្តល់រង្វាន់ ២០.០០០ ដុល្លារអាមេរិក សម្រាប់ពលរដ្ឋណាមួយ បានផ្ដល់ព័ត៌មានដែលអាចឈានទៅដល់ការចាប់ខ្លួនខ្មាន់កាំភ្លើងនេះ៕

មតិយោបល់