កូរ៉េៈ កាសែតរដ្ឋកូរ៉េខាងជើង Rodong Sinmun បានរាយការណ៍កាលពីថ្ងៃសុក្រថា អ្នកស្រាវជ្រាវម្នាក់ មកពីវិទ្យាស្ថានវិទ្យាសាស្ត្រសង្គមកូរ៉េខាងជើង បានចេញសេចក្ដីព្រមានមួយ ដោយលើកទ្បើងថា កិច្ចពិភាក្សាអន្តរកូរ៉េ មិនបានធ្វើឲ្យថមថយការគំរាមកំហែង នៃសង្គ្រាមនុយក្លេអ៊ែរ នៅលើឧបទ្វីបនោះទេ។ នេះបើយោងតាមសារព័ត៌មាន Spunik ចេញផ្សាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨។
លោក Choe Song-ho អ្នកនិពន្ធអត្ថបទម្នាក់ បាននិយាយថា អាមេរិកកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើនឲ្យមានលទ្ធភាពសង្គ្រាមនុយក្លេអ៊ែរ តាមរយៈការឈ្លានពានជាបន្តបន្ទាប់របស់ខ្លួន ចំពោះកូរ៉េខាងជើង។
ដោយលោកបានសរសេររៀបរាប់ថា អ្វីដែលអាមេរិកចង់បានគ្រប់ពេល គឺមិនមែនសន្តិភាព និងស្ថេរភាពនៅលើឧបទ្វីបកូរ៉េនោះទេ តែធាតុពិតក្រុងវ៉ាស៊ីនតោន កំពុងបង្កើនអស្ថិរភាពនៃភាពតានតឹងផ្នែកយោធា ហើយស្ថានភាពនាពេលនេះ នៅតែមានភាពធ្ងន់ធ្ងរ បើទោះបីជាមានកិច្ចចរចា និងលំហូរសន្ដិភាព ទំនងជាបង្ហាញទ្បើងក៏ដោយ៕
មតិយោបល់