រុស្ស៊ីៈ មនុស្ស២ នាក់បានស្លាប់បាត់ជីវិត ខណៈដែល ៧នាក់ផ្សេងទៀត បានរងរបួសនៅក្នុងករណីអគ្គិភ័យឆេះសណ្ឋាគារមួយ នៅលើកោះ Olkhon ក្នុងបឹង Baikal របស់ប្រទេសរុស្ស៊ី។ នេះបើតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨។
ទីភ្នាក់ងារព័ត៌មានក្នុងស្រុក TASS បានរាយការណ៍ថា អគ្គិភ័យនេះ បានផ្ទុះឡើងកាលពីព្រឹកថ្ងៃអាទិត្យ ដែលនៅក្នុងសណ្ឋាគារនោះ មានជនជាតិកូរ៉េខាងត្បូង៨នាក់ ជនជាតិចិន ២៤ នាក់ និងជនជាតិរុស្ស៊ីពីរនាក់។
តាមសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយដោយអគ្គកុងស៊ុលចិន នៅទីក្រុង Irkutsk នាថ្ងៃច័ន្ទនេះ បានរាយការណ៍ថា ជនរងគ្រោះ២នាក់ ទំនងជាជនជាតិចិន ហើយអគ្គកុងស៊ុល កំពុងទាក់ទងមន្ទីរដែលពាក់ព័ន្ធ ដើម្បីបញ្ជាក់ពីអត្តសញ្ញាណរបស់ពួកគេ។
សូមជំរាបថា Olkhon ជាកោះធំជាងគេ នៅក្នុងបឹង Baikal ស្ថិតនៅភាគខាងកើតតំបន់ស៊ីបេរី ដោយវិស័យទេសចរណ៍នៅទីនោះគឺជាផ្នែកមួយដ៏សំខាន់ សម្រាប់សេដ្ឋកិច្ចក្នុងប្រទេស៕
មតិយោបល់