ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ចោទអាមេរិកកំពុងរៀបគម្រោងសង្រ្គាមយុទ្ធសាស្រ្ត វាយប្រហារប្រទេសខ្លួន

កូរ៉េៈ រដ្ឋាភិបាលក្រុងព្យុងយ៉ាង បានចោទប្រកាន់អាមេរិកថា កំពុងរៀបចំគម្រោងសង្គ្រាមយុទ្ធសាស្ត្រ ជាមួយការប្រើកម្លាំងយោធាវាយប្រហារប្រទេសខ្លួន ដោយអះអាងថា ក្រុងវ៉ាស៊ីនតោន បានជំរុញឲ្យមានការគំរាមកំហែង អាវុធនុយក្លេអ៊ែរពីសំណាក់កូរ៉េខាងជើង។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨។

ក្នុងអំឡុងពេលកិច្ចចរចាលុបបំបាត់អាវុធ នៅទីក្រុងហ្សឺណែវ កាលពីថ្ងៃអង្គារ អ្នកការទូតកូរ៉េខាងជើង លោក Ju Yong-chol បាននិយាយថា «អាមេរិក នៅតែបន្តរៀបចំផែនការវាយប្រហារមកលើកូរ៉េខាងជើង ទោះបីជានាពេលថ្មីៗនេះ សង្គ្រាមវោហាសាស្ត្ររវាងគូបដិបក្ស មានភាពស្ងប់ស្ងាត់ក៏ដោយ»។

លោក Yong បានបន្ថែមថា «ក្រុមមន្ត្រី រួមទាំងលេខាធិការការពារជាតិអាមេរិក និងនាយក CAI នៅតែបន្តលើកទ្បើងម្តងហើយម្តងទៀត អំពីការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ដើម្បីបង្ហាញពីអំណះអំណាងដ៏ត្រឹមត្រូវរបស់ពួកគេ សម្រាប់ជម្រើសយោធា និងគំនិតថ្មីៗ ក្នុងការប្រឆាំងនឹងក្រុងព្យុងយ៉ាង»។

ក្នុងនោះលោកបានបញ្ជាក់ថា សង្គ្រាមយុទ្ធសាស្ត្រមកលើប្រទេសខ្លួន កំពុងស្ថិតនៅក្រោមការពិចារណា របស់រដ្ឋបាលអាមេរិក ដែលមានគោលដៅវាយប្រហារនៅទីតាំងនុយក្លេអ៊ែររបស់កូរ៉េខាងជើង ក្នុងគោលបំណងមិនឲ្យមានការស្លាប់ និងការបំផ្លិចបំផ្លាញទ្រង់ទ្រាយធំ៕

មតិយោបល់