ព័ត៌មានអន្តរជាតិ

ទីតាំងធ្លាក់យន្តហោះ សម្លាប់មនុស្ស ៧១ នាក់នៅរុស្ស៊ី គ្របដណ្តប់ដោយព្រិលធ្លាក់យ៉ាងខ្លាំង

រុស្ស៊ីៈ ប្រភពពីក្រុមមន្ត្រីបាននិយាយថា ទីតាំងធ្លាក់យន្តហោះរុស្ស៊ី ដែលបានសម្លាប់មនុស្ស ៧១ នាក់ ត្រូវបានគ្របដណ្តប់ដោយព្រិលធ្លាក់យ៉ាងខ្លាំង ដោយបង្កឲ្យមានផលលំបាក ដល់ភ្នាក់ងារសង្គ្រោះបន្ទាន់ ខណៈពួកគេបានបង្ខំចិត្តចតរថយន្ត ដើម្បីដើរ ឯអ្នកផ្សេងទៀត បានប្រើម៉ូតូព្រិល និងប្រើយន្តហោះគ្មានមនុស្សបើក ដើម្បីទៅពិនិត្យមើលកន្លែងកើតហេតុ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨។

ជើងហោះហើរលេខ៧០៣ របស់ក្រុមហ៊ុន Saratov Airlines ផ្ទុកដោយអ្នកធ្វើដំណើរ៦៥នាក់ និងសហសេវិក៦នាក់ បានធ្វើដំណើរចេញពីអាកាសយាន្តដ្ឋាន Domodedovo ឆ្ពោះទៅកាន់ទីក្រុង Orsk របស់រុស្ស៊ី បានធ្លាក់ក្បែរភូមិ Argunovo ចម្ងាយជាង៨០គីឡូម៉ែត្រពីភាគខាងត្បូងឆៀងខាងលិចទីក្រុងម៉ូស្គូ។

ដោយក្រសួងគ្រាអាសន្នរបស់ប្រទេសនេះ បាននិយាយថា មនុស្សជាង ៤០០នាក់ និងរថយន្ត ៧០ គ្រឿងត្រូវបានដាក់ពង្រាយ នៅកន្លែងកើតហេតុ។

ពាក់ព័ន្ធនឹងករណីនេះ ប្រធានាធិបតីរុស្ស៊ី លោកពូទីន បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ និងបានចេញបញ្ជាឲ្យគណៈរដ្ឋមន្ត្រីរបស់លោក បង្កើតគណៈកម្មការមួយ ដើម្បីធ្វើការស៊ើបអង្កេតផងដែរ ៕

មតិយោបល់