តាមការសិក្សាថ្មីមួយបានរកឃើញថា ការទទួលតែក្តៅខ្លាំងពេក អាចបង្កើនហានិភ័យនៃជំងឺមហារីកបំពង់អាហារចាប់ពី ២ទៅ ៥ដង សម្រាប់អ្នកដែលជក់បារី និងផឹកស្រារាល់ថ្ងៃ។
អ្នកស្រាវជ្រាវបានធ្វើការវិភាគទិន្នន័យទៅលើមនុស្សពេញវ័យជិត ៥០០,០០០នាក់នៅក្នុងប្រទេសចិនដោយប្រើរយៈពេលអស់៩ឆ្នាំកន្លះ បានរកឃើញថា ក្នុងចំណោមមនុស្សសរុប ១៧០០នាក់ដែលទម្លាប់ផឹកតែក្តៅ មានជំងឺមហារីកបំពង់អាហារ។ នេះជាដំណឹងអាក្រក់មួយសម្រាប់អ្នកដែលចូលចិត្តទទួលទានតែ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់អ្នកដែលជក់បារី ឬផឹកស្រា ប្រសិនបើទទួលទានតែក្តៅបង្កើនហានិភ័យជំងឺមហារីកបំពង់អាហារកាន់តែខ្ពស់។
លោក Jun Po ជាសាស្ត្រចារ្យផ្នែករោគរាតត្បាត និងជីវសាស្ត្រនៅសាកលវិទ្យាល័យ ប៉េកាំង ប្រទេសចិនបាននិយាយថា «តែក្តៅអាចរួមចំណែកដល់ការលូតលាស់នៃជំងឺមហារីកកាន់តែខ្លាំង សម្រាប់អ្នកដែលជក់បារី ឬផឹកស្រាហួសប្រមាណ»។
ការផឹកស្រាបៀរ ៣៥០មីលីលីត្រ ឬច្រើនជាងនេះក្នុងមួយថ្ងៃត្រូវបានគេចាត់ទុកជាការផឹកច្រើនហួសប្រមាណ។ ទន្ទឹមនឹងនេះផងដែរ ការជក់បារីច្រើនជាងមួយដើមក្នុងមួយថ្ងៃ ក៏ត្រូវបានគេចាត់ទុកជាការជក់ច្រើនដូចគ្នា។
អ្នកជំនាញបានធ្វើការសន្និដ្ឋានថា ការទទួលទានភេសជ្ជៈក្តៅអាចបណ្តោលឲ្យបំពង់អាហារងាយនឹងទទួលរងគ្រោះដោយសារតែជំងឺមហារីកដូចជាការ ផឹកស្រា និងជក់បារីដែរ។ ដូច្នេះហើយ អ្នកដែលមានទម្លាប់ចូលចិត្តទទួលទានតែក្តៅ ផឹកស្រា និងជក់បារី គួរតែមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត៕
ប្រភព៖ soha
មតិយោបល់