ព័ត៌មានអន្តរជាតិ

នាវាមុជទឹកអង់គ្លេស ផ្លាស់ទីក្នុងជួរបាញ់មីស៊ីលទៅកាន់ស៊ីរី សម្រាប់ការវាយប្រហារដែនអាកាស

អង់គ្លេសៈ យោងតាមសារព័ត៌មាន Daily Telegraph បានឲ្យដឹងថា នាវាមុជទឹកអង់គ្លេស ត្រូវបានបញ្ជាឲ្យផ្លាស់ទីក្នុងជួរបាញ់មីស៊ីល ទៅកាន់ប្រទេសស៊ីរី ខណៈការធ្វើវាយប្រហារដែនអាកាស ប្រឆាំងនឹងរបបលោក អាសាដ ត្រូវគេរំពឹងថា នឹងកើតទ្បើងនៅយប់ថ្ងៃព្រហស្បតិ៍នេះ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨។

នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May បានអំពាវនាវដល់រដ្ឋមន្រ្តីខ្លួនឲ្យបើកកិច្ចប្រជុំគណៈរដ្ឋមន្រ្តីបន្ទាន់មួយ ដើម្បីពិភាក្សាអំពីវិធីសាស្រ្ត ដែលប្រទេសអង់គ្លេស នឹងឆ្លើយតបចំពោះការវាយប្រហារអាវុធគីមី កាលពីចុងសប្តាហ៍មុន នៅទីក្រុងឌូម៉ារបស់ប្រទេសស៊ីរី។

សារព័ត៌មាន Sky News បានរាយការណ៍ថា លោកស្រី May នឹងស្នើសុំឲ្យគណៈរដ្ឋមន្ត្រីរបស់លោកស្រី អនុម័តការចូលរួមរបស់ចក្រភពអង់គ្លេស នៅក្នុងការវាយប្រហារដែនអាកាស ដែលដឹកនាំដោយអាមេរិក និងបារាំង ប្រឆាំងនឹងការប្រើប្រាស់អាវុធគីមី ក្នុងប្រទេសស៊ីរី។

យ៉ាងណាមិញការស្នើរបស់លោកស្រី ត្រូវបានគេរំពឹងថា នឹងទទួលបានការឯកភាពពីរដ្ឋមន្ត្រីខ្លួន ដើម្បីចូលរួម នៅក្នុងសកម្មភាពមួយនេះ៕

មតិយោបល់