(ទ្រីប៉ូលី)៖ ឆ្មាំការពារដែនសមុទ្ររបស់លីប៊ី បានប្រទះឃើញសាកសពជនភៀសខ្លួន ចំនួន១២នាក់ លើឆ្នេរសមុទ្រ Garabulli ចម្ងាយ ៧៥ គីឡូម៉ែត្រនៃភាគខាងកើត រដ្ឋធានីទ្រីប៉ូលី។ នេះបើតាមការផ្សាយ របស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃសៅរ៍ ទី២៦ ខែមីនា ឆ្នាំ២០១៦។
មន្ត្រីឆ្មាំសមុទ្រមួយរូបគឺលោក Abdullatif Al-Munser បាននិយាយថា «ជនភៀសខ្លួនទាំង នោះទំនងជាបានព្យាយាមធ្វើដំណើរទៅកាន់កោះ Lampedusa របស់ប្រទេសអ៊ីតាលី ដើម្បីសុំសិទ្ធិជ្រក កោណបន្តនៅតំបន់អឺរ៉ុប។ ទូកដែលដឹកពួកគេនោះ បានលិចប៉ុន្មានថ្ងៃមកហើយ តែសាកសពអ្នកបាត់ខ្លួន ទើបតែអណ្តែតលើដែនសមុទ្រមេឌីទែរ៉ាណេ មកទើរលើឆ្នេរសមុទ្រលីប៊ី កាលពីល្ងាចថ្ងៃសុក្រ។»
តាមសម្តីរបស់រដ្ឋមន្ត្រីការពារជាតិបារាំងប្រកាសកាលពីពេលថ្មីៗនេះថា ជនភៀសខ្លួនជិត ៨០០,០០០នាក់ កំពុង តែរង់ចាំនៅតាមឆ្នេរសមុទ្រប្រទេសលីប៊ី ដើម្បីត្រៀមធ្វើដំណើរឆ្ពោះមកអឺរ៉ុប។ គ្រាន់តែនៅដើមឆ្នាំ ២០១៦ នេះមានជនភៀសខ្លួន ១០០,០០០នាក់ទៅហើយ បានធ្វើដំណើរឆ្លងកាត់ សមុទ្រមេឌីទែរ៉ាណេ មកសុំសិទ្ធិជ្រកកោណនៅតំបន់អឺរ៉ុប៕
ព័ត៌មានអន្តរជាតិ
មតិយោបល់