តួកគីៈ រដ្ឋមន្ត្រីការបរទេសតួកគី កាលពីថ្ងៃច័ន្ទ បានព្រមានប្រឆាំងនឹងការធ្វើអន្តរាគមន៍ណាមួយ របស់កងកម្លាំងរដ្ឋាភិបាលស៊ីរី ដើម្បីគាំទ្រកងជីវពលឃឺដ នៅភាគខាងជើងប្រទេសស៊ីរី ដោយនិយាយថា វានឹងមិនអាចការពារពីការវាយប្រហារ របស់ទីក្រុងអាន់ការ៉ាបាននោះទេ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០១៨។
ប្រតិកម្មនេះដែរ បានឆ្លើយតបទៅនឹងរបាយការណ៍មួយ របស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីរីឈ្មោះថា SANA ដែលលើកទ្បើងថា កងកម្លាំងគាំទ្ររដ្ឋាភិបាល ត្រូវបានគេរំពឹងទុកថា នឹងមានវត្តមាននៅតំបន់អាហ្រិន ដើម្បីប្រឆាំងនឹងការវាយលុករបស់ទាហានតួកគី ទៅលើកងជីវពលឯកភាពការពារប្រជាជន (YPG )។
រដ្ឋាភិបាលតួកគី បានមើលឃើញថា YPG គឺជាក្រុមភេរវករស៊ីរី មានទំនាក់ទំនងនឹងគណបក្សពលករឃឺដ (PKK) ដែលត្រូវបានដាក់ក្នុងបញ្ជីខ្មៅ ពីសំណាក់ទីក្រុងអាន់ការ៉ា អាមេរិក និងសហភាពអឺរ៉ុប។
ហេតុដូច្នោះ ប្រសិនបើកងកម្លាំងគ្រាំរដ្ឋាភិបាលស៊ីរី ចូលដល់តំបន់អាហ្រិន ដើម្បីបណ្តេញ PKK, YPG មិនមានបញ្ហានោះទេ ប៉ុន្តែប្រសិនបើពួកគេចូលទៅ ដើម្បីការពារ YPG នោះគ្មាននរណាម្នាក់ អាចបញ្ឈប់តួកគី និងទាហានខ្លួនបានទេ៕
មតិយោបល់