ក្រិចៈ យ៉ាងហោចណាស់មនុស្ស ៥០ នាក់ ត្រូវបានគេភ័យខ្លាចថា បានស្លាប់បាត់បង់ជីវិត ខណៈរាប់សិបនាក់ទៀត បានរងរបួស ដោយសារភ្លើងឆេះព្រៃ នៅតំបន់ Attica ស្ថិតនៅជុំវិញក្រុង Athens របស់ប្រទេសក្រិក ដែលវាជាវិបត្តិអគ្គិភ័យដ៏អាក្រក់បំផុត មិនធ្លាប់មានក្នុងពេលជាងមួយទសវត្សរ៍កន្លងមក។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨។
យោងតាមកាកបាទក្រហមក្នុងប្រទេស បានឲ្យដឹងថា សាកសពមនុស្សចំនួន ២៦ នាក់ហើយ ត្រូវបានគេរកឃើញ នៅទីធ្លាវីឡាមួយ ក្នុងភូមិម៉ាទី ដែលស្ថិតនៅឯមជ្ឈមណ្ឌលគ្រោះមហន្តរាយ។
នៅក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយសង្គ្រោះដ៏ធំធេង បុគ្គលិកភ្នាក់ងារសង្គ្រោះគ្រាសន្ន បានប្រើទូក និងឧទ្ធម្ភាគចក្រ ដើម្បីជម្លៀសមនុស្សរាប់ពាន់នាក់ ទៅកាន់ទីសុវត្ថិភាព។
តាមសេចក្ដីរាយការណ៍ បាននិយាយថា មានខ្យល់បក់ខ្លាំង ជាមួយល្បឿនដល់ទៅ៥០គីឡូម៉ែត្រ ក្នុងមួយម៉ោង ខណៈអាជ្ញាធរបានបញ្ជូនកងយន្តហោះ និងឧទ្ធម្ភាគចក្រ ដើម្បីទម្លាក់ទឹកបើកផ្លូវជម្លៀសមនុស្សចេញ៕
មតិយោបល់