ព័ត៌មានអន្តរជាតិ

ផ្ទុះការបាញ់កាំភ្លើងធំ ខណៈកងកម្លាំងគាំទ្ររដ្ឋាភិបាលស៊ីរី ឆ្ពោះទៅកាន់តំបន់អាហ្វ្រីន

ស៊ីរីៈ ក្បួនដង្ហែរយុទ្ធជនគាំទ្ររដ្ឋាភិបាលស៊ីរី បានចូលទៅក្នុងតំបន់អាហ្រ្វីន កាលពីថ្ងៃអង្គារ ដើម្បីគាំទ្រដល់ក្រុមសកម្មប្រយុទ្ធឃឺដ ដែលកំពុងប្រយុទ្ធនឹងទាហានតួកគី ប៉ុន្តែខណៈឆ្ពោះទៅកាន់ទីនោះ ក៏កើតមានផ្ទុះការបាញ់កាំភ្លើងធំផងដែរ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨។

ទូរទស្សន៍រដ្ឋស៊ីរី បានបង្ហាញវីដេអូអំពីសកម្មភាពក្បួនដង្ហែរ របស់កងកម្លាំងគ្រាំទ្ររដ្ឋាភិបាល ដែលបានដាក់ពង្រាយនៅទីតាំងនោះ ដើម្បីជួយរារាំងពីការវាយប្រហាររបស់ទាហានតួកគី ប្រឆាំងនឹងពួកសកម្មប្រយុទ្ធ YPG។

ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកនាំពាក្យ YPG លោក Nouri Mahmoud បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «រដ្ឋាភិបាលស៊ីរីបានឆ្លើយតបទៅនឹងការអំពាវនាវរបស់ពួកគេ ដោយបានបញ្ជូនអង្គភាពយោធានៅថ្ងៃនេះ … ដើម្បីដាក់ពង្រាយនៅតាមបណ្តោយព្រំដែន ក៏ដូចជាចូលរួមក្នុងការការពារទឹកដី និងព្រំដែនរបស់ស៊ីរី»។

ប្រភពដដែល បានឲ្យដឹងទៀតថា រថយន្តចំនួន ២០ គ្រឿង ដែលមានអាវុធធុនធ្ងន់ បានដឹកចូលតំបន់អាហ្វ្រីន ចេញពីភូមិ Nubul ក្បែរនោះ ជាមួយនឹងទាហានរាប់សិបនាក់ បានជិះនៅលើរថយន្ត ដោយគ្រវីទង់ជាតិស៊ីរី និងស្រែកជាមួយពាក្យស្លោកគាំទ្ររដ្ឋាភិបាល៕

មតិយោបល់