ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង និងកូរ៉េខាងត្បូង បើកកិច្ចចរចាកម្រិតខ្ពស់

កូរ៉េៈ មន្រ្តីជាន់ខ្ពស់មកពីទីក្រុងព្យុងយ៉ាង និងសេអ៊ូល នឹងជួបប្រជុំគ្នា នៅតំបន់ព្រំដែនគ្មានយោធា នាថ្ងៃព្រហស្បតិ៍នេះ ដើម្បីរៀបចំកិច្ចប្រជុំកំពូលមួយ រវាងលោក គីម ជុងអ៊ុន និងលោក មូន ជែអ៊ីន នៅថ្ងៃបន្ទាប់ពីមេដឹកនាំកូរ៉េខាងជើង បានធ្វើការបង្ហាញខ្លួននៅក្រៅប្រទេសជាលើកដំបូង ជាមួយដំណើរទស្សនកិច្ចដ៏ភ្ញាក់ផ្អើលមួយ ទៅកាន់ប្រទេសចិន។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨។

លោក គីម នឹងជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង នៅខែក្រោយ បន្ទាប់មកទៀត នឹងមានកិច្ចប្រជុំកំពូលនុយក្លេអ៊ែរដ៏សំខាន់មួយ ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលអាចនឹងចាប់ផ្តើម នៅដើមខែឧសភាខាងមុខ។

ការផ្សះផ្សាទំនាក់ទំនងដ៏ឆាប់រហ័សនេះ ត្រូវបានគេមើលឃើញថា បានចាប់ផ្តើមក្នុងអំទ្បុងព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវរងា នៅប្រទេសកូរ៉េខាងត្បូងកន្លងទៅ បន្ទាប់ពីមានភាពតានតឹងកាន់តែខ្លាំងឡើង ទៅលើកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ជាមួយសង្រ្គាមពាក្យសម្ដីដ៏ក្តៅគគុក រវាងលោក ត្រាំ និងលោក គីម៕

មតិយោបល់