មកទល់ពេលនេះ តារាចម្រៀង លោកខេមរៈ សិរីមន្ត និងសមាជិកគ្រួសារ មិនព្រមចេញមុខទទួលស្គាល់ថារូបភាពដែលបានទម្លាយចេញយ៉ាងកក្រើកហ្វេសប៊ុកកន្លងមក ជាភរិយា និងជាកូនៗពិតប្រាកដ ឬយ៉ាងណានោះទេ ប៉ុន្តែមិនមានអ្នកណាចេញមុខប្រកែកដូចមុនតែម្ដង។ យ៉ាងណាក៏ដោយមានការទម្លាយថា លោកខេមរៈ សិរីមន្ត បានកំពុងស៊ើបអង្កេតថាអ្នកណាជាអ្នកនៅពីក្រោយការទម្លាយអោយឃើញពីមុខមាត់ស្រ្តីជាភរិយា និងជាកូនទាំង២ ក្នុងពេលដែលលោកលាក់បាំងជាយូរមកហើយ ថាខ្លួនជាកំលោះ។
ប្រភពផ្លូវការនិយាយថា លោក ខេមរៈ សិរីមន្ត បើទោះជាមានព័ត៌មានទម្លាយព្រោងព្រាតពីព័ត៌មានប្រពន្ធកូនយ៉ាងកក្រើកស្រទាប់មហាជន ក៏លោកនៅតែមិនស្វាគមន៍ចំពោះការជជីកសួរពីរឿងមួយនេះ ពីសំណាក់អ្នកសិល្បៈនៅពេលជួបគ្នានោះឡើយ កុំថាឡើយដល់កិច្ចសម្ភាសន៍ជាមួយអ្នកកាសែត។ លោកបានទាំងបង្ហើបប្រាប់ថា នឹងរកអោយឃើញថាអ្នកណាជាអ្នកទម្លាយដំណឹងរសើបនោះ ដើម្បីនឹងចាត់វិធានការនោះផង។ យ៉ាងណាមិញ មិនមានការទម្លាយថាលោកនឹងមានវិធានការអ្វីនោះទេ ក្នុងពេលដែលលោកនៅតែមានការទម្លាយថានៅប្រកាន់ជំហរមិននិយាយពីរឿងប្រពន្ធ កូន បើទោះជាបែកធ្លាយដល់កម្រិតមួយនេះ ដើម្បីអោយមហាជនអស់ចិត្ត។ ប្រភពបន្តទម្លាយថា លោក ខេមរៈ សិរីមន្ត អត់សប្បាយចិត្តពីរឿងនោះទេ ហើយក៏ប្រហែលជាលោកមិនបើកចំហរដំណឹងប្រពន្ធកូនក្រោយការបែកធ្លាយដូចគ្នានឹងលោក ព្រាប សុវត្ថិ និងលោក ឆាយ វិរៈយុទ្ធ នោះដែរ ដែលអាចថាមកពីលោកពិបាកកែប្រយោគ ដែលធ្លាប់តែគំរាមប្ដឹងអ្នកកាសែត និងអ្នកថាលោកមានប្រពន្ធហើយ កាលពីមុន។
លោកខេមរៈ សិរីមន្ត ត្រូវគេឃើញបាត់មុខមួយខ្យល់ក្រោយដំណឹងមានប្រពន្ធត្រូវបានបែកធ្លាយ ស្របគ្នាដែលបទ«មករាំក្បាច់ក្ងោក»របស់លោកដែលបានចេញលក់ក្រោយលោក ម៉ាដូណា ក៏ត្រូវគេរិះគន់ថាជាបទដែលលួចគំនិតរបស់លោកម៉ាដូណា និងបានស្លៀកពាក់បែកស្លុយក្នុងវីដេអូ MV ច្រើនចំណុច ដែលផ្ដល់គំរូមិនល្អដល់យុវវ័យជាហ្វេន។ លោកទើបតែបានបង្ហាញខ្លួនកាលពីយប់ថ្ងៃទី៦ មេសា របស់ហង្សមាសប៉ុណ្ណោះ ដោយលោកនៅតែច្រៀងបទបែកស្លុយច្រើនបទនៅលើវេទិកា ដោយមិនខ្វល់ពីការរិះគន់របស់មហាជនជុំវិញបទចម្រៀងបែកស្លុយដែលគេបានឃើញនៅលើសង្គមហ្វេសប៊ុកនោះឡើយ៕
មតិយោបល់