អង់គ្លេស: ផ្សារហ៊ុននានា ទាំងអឺរ៉ុប អង់គ្លេសនិងអាមេរិក បានធ្លាក់ចុះជាបន្តបន្ទាប់ឥតឈប់ឈរក្រោយពីអង់គ្លេស បានបោះឆ្នោតប្រជាមតិ ដែលបានសម្រចចិត្តចាកចេញពីសហភាពអឺរ៉ុប នាពេលថ្មីៗកន្លងមកនេះ ជាពិសេសបានធ្វើឲ្យភាគហ៊ុនធនាគារ, អាកាសចរណ៍ និងអចលនទ្រព្យ បានធ្លាក់ចុះនៅទីក្រុងឡុង ប្រទេសអង់គ្លេសផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃទី២៧ មិថុនានេះ។
ភាពចលាចលនេះបានកើតឡើង ស្របពេលដែលអង់គ្លេសបានសម្រេចចិត្តដើរចេញពីសហភាពអឺរ៉ុប ដែលវាបានបង្កវិបត្តិមួយយ៉ាងធ្ងន់ធ្ងរសម្រាប់ អឺរ៉ុប និងអង់គ្លេសខ្លួនឯងតែម្តង។ ក្រោយពីងាកចេញពីអឺរ៉ុបហើយ គេបានសង្កេតឃើញថា សមាជិកគណរដ្ឋមន្ត្រីស្រមោលរបស់គណបក្សពលករ ដែលជាបក្សប្រឆាំងរបស់អង់គ្លេស ក៏បានសម្រេចចិត្តចុះចេញពីតំណែងជាបន្តបន្ទាប់ផងដែរ ហើយសមាជិកទាំងអស់នោះ បានជម្រុញឲ្យលោក Jeremy Corbyn មេបក្សប្រឆាំងពលករចុះចេញពីតំណែងដូចគ្នាផងដែរ។
ប៉ុន្តែលទ្ធផលយ៉ាងនោះ ក៏មិនទាន់ដឹងនៅឡើយទេថាតើលោកមេបក្សប្រឆាំងរូបនេះ ធ្វើការសម្រេចចិត្តបែបណាឬក៏សម្រេចចិត្តតាមការស្នើសុំរបស់សមាជិកគណរដ្ឋមន្ត្រីស្រមោលរបស់ខ្លួន។ តែផ្ទុយទៅវិញលោក Corbyn បានសម្រេចចិត្តធ្វើការតែងតាំងសមាជិកគណរដ្ឋមន្ត្រីដែលបានលាឈប់ ដោយដាក់ជំនួសសមាជិកថ្មីទៅវិញ។ យើងនឹងរងចាំមើលថាតើវិបត្តិនៅអង់គ្លេសនិងអឺរ៉ុបនឹងទៅជាយ៉ាងដែរ ចំពោះលទ្ធផលដែលអង់គ្លេសបានងាកចេញពីអឺរ៉ុប៕
មតិយោបល់