ចិនៈ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lu Kan នៅថ្ងៃច័ន្ទនេះ បាននិយាយថា មន្ត្រីការទូតជាន់ខ្ពស់រដ្ឋាភិបាលខ្លួន លោក Wang Yi នឹងធ្វើទស្សនកិច្ចនៅកូរ៉េខាងជើង នៅសប្តាហ៍នេះ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨។
សម្រាប់ដំណើរទស្សនកិច្ចរបស់លោក Wang ទៅកាន់ប្រទេសកូរ៉េខាងជើង គឺមានរយៈពេលពីរថ្ងៃ ចាប់ថ្ងៃពុធ ដល់ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដោយផ្អែកតាមសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ក្រសួងរដ្ឋចិន តបតាមការអញ្ជើញរបស់សមភាគីកូរ៉េខាងជើង លោក Ri Yong Ho។
ដំណើរទស្សនកិច្ចនេះ បានធ្វើឡើងបន្ទាប់ពីមានពន្លឺនៃក្តីសង្ឃឹម ដែលនាំមកនូវសន្តិភាពដល់ឧបទ្វីបកូរ៉េ ក្រោយជំនួបកំពូលជាប្រវត្តិសាស្ត្រ រវាងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន ដោយអ្នកទាំងពីរ បានប្តេជ្ញាថា នឹងលុបបំបាត់អាវុធនុយក្លេអ៊ែរ។
កាលពីថ្ងៃអាទិត្យ ការិយាល័យរបស់ប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយថា លោកគីម បានប្រាប់លោក មូន ថា លោកនឹងបិទទីតាំងសាកល្បងអាវុធនុយក្លេអ៊ែររបស់ខ្លួនចោលទាំងស្រុង នៅខែឧសភាក្នុងពេលខាងមុខ៕
មតិយោបល់