អ៊ីរ៉ង់ៈ មេដឹកនាំកំពូលនៃប្រទេសអ៊ីរ៉ង់ លោក Ayatollah Khamenei បានធ្វើការព្រមានទៅកាន់អាមេរិក និងសម្ព័ន្ធមិត្តរបស់ពួកគេ នៅក្នុងសុន្ទរកថាមួយ កាលពីថ្ងៃច័ន្ទ ជាមួយពួកកម្មករ នាឱកាសទិវាពលករអន្តរជាតិខិតចូលមកដល់។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨។
ការព្រមាននេះ បានឆ្លើយតបទៅនឹងការវាយប្រហារ កាលពីថ្ងៃអាទិត្យ ទៅលើមូលដ្ឋានយោធាមួយ នៅក្នុងប្រទេសស៊ីរី ដែលបានសម្លាប់ជនជាតិអ៊ីរ៉ង់មួយចំនួន។
ដោយលោក Khamenei បានប្រាប់ពលករ និងសហគ្រិនរាប់ពាន់នាក់ នៅទូទាំងប្រទេសអ៊ីរ៉ង់ថា អាមេរិកកំពុងព្យាយាមរារាំងពួកមូស្លីម ប្រឆាំងនឹងក្រុមមួយផ្សេងទៀត ខណៈក្រុងវ៉ាស៊ីនតោន បានញុះញ៉ង់ឲ្យពួក Saudis បង្កើតជម្លោះនៅក្នុងតំបន់របស់ប្រទេសអ៊ីរ៉ង់។
កាលពីយប់ថ្ងៃអាទិត្យ ការវាយប្រហារតាមអាកាសមួយ ត្រូវបានធ្វើឡើងប្រឆាំងនឹងកងពលធំទីបញ្ជាការកងទ័ពអារ៉ាប់ស៊ីរីទី ៤៧ ដែលជាអង្គភាពមួយ បានបង្កើតឡើងដោយកងកម្លាំងអ៊ីរ៉ង់ និងកងកម្លាំងមកពីហេសប៊ូឡា ជាកងទ័ពអន្តរជាតិ ដែលមានមូលដ្ឋាននៅប្រទេសលីបង់ ដើម្បីគ្រាំទ្រការប្រយុទ្ធ ដល់រដ្ឋាភិបាលនៅក្នុងប្រទេសស៊ីរី។
កាសែត Jerusalem Post បានឲ្យដឹងថា ការវាយប្រហារនេះ បានតម្រង់គោលដៅទៅលើមូលដ្ឋានយោធាមួយកន្លែង ស្ថិតចន្លោះរវាងទីក្រុង Hama និង Homs របស់ស៊ីរី ដោយបានសម្លាប់ជនជាតិអ៊ីរ៉ង់ ១៨ នាក់៕
មតិយោបល់